ការពណ៌នា
កម្ចីមានកាលកំណត់គឺជាការរៀបចំហិរញ្ញវត្ថុដែលផ្អែកលើបំណុលទូទៅ ដោយអ្នកខ្ចីប្រាក់ទទួលបានប្រាក់សរុបរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ ដូចជាធនាគារ ហើយយល់ព្រមសងកម្ចីត្រឡប់មកវិញតាមរយៈពេលដែលបានបញ្ជាក់ ហៅថាកម្ចីមានកាលកំណត់។ មិនដូចការផ្តល់សេវាឥណទានសម្រាប់ទុនបង្វិលទេ កម្ចីមានកាលកំណត់មានកាលវិភាគសងវិញជាក់លាក់ ជាធម្មតាមានការបង់រំលស់ប្រចាំខែ ដែលធ្វើឱ្យកម្ចីទាំងនេះក្លាយជាទម្រង់បំណុលដែលមានរចនាសម្ព័ន្ធ។ កម្ចីមានកាលកំណត់ផ្ដល់ជូនក្នុងគោលបំណងផ្សេងៗគ្នា រួមមានការផ្តល់មូលនិធិ លលើការចំណាយមូលធន គម្រោងពង្រីក ការទិញឧបករណ៍ ឬការបំពេញតម្រូវការមូលធនដំណើរការរយៈពេលវែង។ កម្ចីទាំងនេះអាចមានអត្រាការប្រាក់ថេរ ឬអថេរ ហើយរយៈពេលសងត្រលប់អាចមានរយៈពេលខ្លី ឬរយៈពេលវែង អាស្រ័យលើលក្ខណៈនៃកម្ចី និងគោលបំណងដែលទទួលបានកម្ចីនោះ។
កម្ចីមានកាលកំណត់អាចទទួលបាន ករណីដែលមានទ្រព្យធានាជាប្រាតិភោគ ឬមិនមានការធានា ដោយពឹងផ្អែកតែលើភាពស័ក្តិសមក្នុងការទទួលបានឥណទានរបស់អ្នកខ្ចីប៉ុណ្ណោះ។ ជាធម្មតា លក្ខខណ្ឌនៃកម្ចីមានកាលកំណត់ត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងផ្លូវការ រួមទាំងព័ត៌មានលម្អិតដូចជា អត្រាការប្រាក់ កាលវិភាគសងត្រលប់ ថ្លៃសេវាដែលពាក់ព័ន្ធ និងជម្រើសបង់ប្រាក់ជាមុន។
លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ
- ភាពស័ក្តិសមក្នុងការទទួលបានឥណទាននៃទីក្រុង។ ការវាយតម្លៃឥណទានរបស់ទីក្រុងកំណត់យ៉ាងសំខាន់នូវលក្ខខណ្ឌដែលអាចធានាបាននៅក្នុងកម្ចីមានកាលកំណត់មួយ។ ទីក្រុងនានាដែលបង្ហាញថាមានភាពស័ក្ដិសមខ្លាំងក្នុងការទទួលបានឥណទាន ច្រើនតែមានលក្ខណៈគ្រប់គ្រាន់សម្រាប់អត្រាការប្រាក់ និងលក្ខខណ្ឌសងប្រាក់ដែលមានលក្ខណៈកាន់តែអំណោយផល។ ការវាយតម្លៃលើភាពស័ក្ដិសមក្នុងការទទួលបានឥណទានរបស់ទីក្រុងគឺអាស្រ័យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន រួមមានរបាយការណ៍ប្រាក់ចំណូល របាយការណ៍តារាងតុល្យការ និងរបាយការណ៍លំហូរសាច់ប្រាក់។ ក្នុងការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់ទីក្រុង ធនាគារនឹងស្វែងរកសូចនាករដូចជាលំហូរប្រាក់ចំណូលមានស្ថិរភាព កម្រិតបំណុលដែលអាចគ្រប់គ្រងបាន និងលំហូរសាច់ប្រាក់វិជ្ជមាន។
- សមត្ថភាពក្នុងការសងកម្ចី។ កត្តាសំខាន់ក្នុងការសម្រេចចិត្តរបស់ធនាគារដើម្បីផ្តល់កម្ចីមានកាលកំណត់មួយគឺពឹងផ្អែកលើសមត្ថភាពរបស់ទីក្រុង ឬគម្រោងក្នុងការសងប្រាក់ដើម និងការប្រាក់របស់កម្ចីនោះ។ ជាធម្មតា តម្រូវឱ្យមានការពិនិត្យមើលឱ្យបានហ្មត់ចត់ទៅលើលំហូរប្រាក់ចំណូលរបស់ទីក្រុង ឬគម្រោង ការបែងចែកថវិកា និងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុដោយធនាគារ។ សមត្ថភាពសងត្រលប់ដ៏រឹងមាំជំរុញទំនុកចិត្តដល់ធនាគារ ដែលធ្វើឱ្យធនាគារទុកចិត្តលើសមត្ថភាពរបស់ទីក្រុងក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន។
- សមត្ថភាពក្នុងការអនុវត្តកម្ចីមានកាលកំណត់។ ធនាគារទាមទារការធានាថាទីក្រុងនឹងប្រកាន់ខ្ជាប់លក្ខខណ្ឌតម្រូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ក្នុងការទទួលបានកម្ចីមានកាលកំណត់។ ការធានានេះមានចាប់ពីការយល់ដឹងអំពីសិទ្ធិអំណាចរបស់ទីក្រុងក្នុងការខ្ចី និងបង្កើនបំណុល ដោយផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការប្រើប្រាស់មូលនិធិដែលបានគ្រោងទុក និងការធានានូវសមត្ថភាពរបស់ធនាគារក្នុងការអនុវត្តលក្ខខណ្ឌសងប្រាក់មកវិញ។ ស្ថានភាពបទប្បញ្ញត្តិដែលមានស្ថិរភាពផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តដែលជោគជ័យ និងការអនុវត្តប្រាក់កម្ចីមានកាលកំណត់។
បញ្ហាប្រឈមដែលអាចកើតមាន
- ទីក្រុងនានាអាចនឹងជួបប្រទះបញ្ហាក្នុងការទទួលបានអត្រាដែលអំណោយផល។ បណ្ដាទីក្រុងដែលមានចំណាត់ថ្នាក់ឥណទានទាប ឬមានប្រវត្តិអស្ថិរភាពហិរញ្ញវត្ថុអាចប្រឈមបញ្ហាក្នុងការទទួលបានលក្ខខណ្ឌអំណោយផលសម្រាប់កម្ចីមានកាលកំណត់។ ភាពស័ក្ដិសមក្នុងការទទួលបានឥណទានមានកម្រិតអាចបណ្តាលឱ្យមានអត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌសងបំណុលតឹងរ៉ឹង ឬសូម្បីតែពិបាកនឹងទទួលបានប្រាក់កម្ចីផងដែរ។ ការកែលម្អភាពស័ក្ដិសមក្នុងការទទួលបានឥណទានរបស់ទីក្រុង តាមរយៈការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ ក្លាយជាកត្តាសំខាន់ក្នុងការយកឈ្នះលើបញ្ហាប្រឈមនេះ។
- ការព្រួយបារម្ភជុំវិញលទ្ធភាពជោគជ័យរបស់គម្រោងអាចបង្អាក់កម្ចីបាន។ ប្រសិនបើកម្ចីមានកាលកំណត់ផ្តល់ហិរញ្ញវត្ថុដល់គម្រោងជាក់លាក់មួយ ការព្រួយបារម្ភអំពីលទ្ធភាពជោគជ័យ និងភាពជោគជ័យនៃគម្រោងអាចបង្អាក់ដល់ការអនុម័តប្រាក់កម្ចី។ អ្នកផ្តល់កម្ចីអាចពិនិត្យមើលផែនការអាជីវកម្មរបស់គម្រោង ការប្រើប្រាស់មូលនិធិតាមការគ្រោងទុក សមត្ថភាពរបស់ទីក្រុងក្នុងការប្រតិបត្តិគម្រោងដោយជោគជ័យ និងសូម្បីតែផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន ឬសង្គមនៃគម្រោង។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងផែនការគម្រោងលម្អិតអាចជួយដោះស្រាយបញ្ហានេះបាន។
- លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចអាចប៉ះពាល់ដល់អត្រាការប្រាក់កម្ចីយ៉ាងខ្លាំង។ ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ដែលកើតចេញពីកត្តាដែលហួសពីការគ្រប់គ្រងរបស់ទីក្រុង ដូចជាអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច ជំងឺរាតត្បាតជាដើម អាចបង្កបញ្ហាប្រឈមសម្រាប់ទីក្រុងដែលកំពុងស្វែងរកកម្ចីមានកាលកំណត់។ អ្នកផ្តល់ប្រាក់កម្ចីអាចបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ វានឹងមានផលប៉ះពាល់យ៉ាងសំខាន់លើការអនុម័តប្រាក់កម្ចី និងអត្រាការប្រាក់។
អត្ថប្រយោជន៍ដែលអាចកើតមាន
- ការរៀបចំការសងប្រាក់មកវិញដែលមានមានរចនាសម្ព័ន្ធ និងអាចព្យាករបាន។ កម្ចីមានកាលកំណត់ផ្តល់នូវរចនាសម្ព័ន្ធ និងកាលវិភាគសងត្រលប់ដែលអាចព្យាករបាន ដោយផ្តល់ឱ្យទីក្រុងនានានូវភាពច្បាស់លាស់ និងស្ថិរភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ទីក្រុងទាំងនោះ។ មិនដូចកម្ចីឥណទាន ឬមូលនិធិបង្វិលទេ កម្ចីមានកាលកំណត់មានអត្រាការប្រាក់ថេរ និងរយៈពេលសងត្រលប់ដែលបានកំណត់ទុកជាមុន កាត់បន្ថយភាពមិនច្បាស់លាស់ដែលទាក់ទងនឹងអត្រាការប្រាក់ប្រែប្រួល។ កាលវិភាគសងត្រលប់ដែលអាចព្យាករបានក៏អនុញ្ញាតឱ្យមានការរៀបចំថវិកា និងការបែងចែកធនធានកាន់តែប្រសើរឡើងក្នុងរយៈពេលកម្ចីផងដែរ។
- ជម្រើសហិរញ្ញប្បទានមិនស្មុគស្មាញ និងមានភាពងាយស្រួល។ មិនដូចការរៀបចំហិរញ្ញវត្ថុដែលស្មុគស្មាញជាងនេះទេ ដូចជាសញ្ញាបណ្ណនៃទីក្រុង ឬគម្រោងហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ ដែលអាចត្រូវការការចូលរួមពីទីផ្សារមូលធនដែលមានភាពស្មុគស្មាញជាងមុន កម្ចីមានកាលកំណត់ផ្តល់ភាពសាមញ្ញ និងភាពងាយស្រួលដល់ទីក្រុងនានា។ ទីក្រុងនានាអាចរុករកដំណើរការទទួលបានប្រាក់កម្ចីដោយភាពងាយស្រួល ដែលអនុញ្ញាតឱ្យទីក្រុងនានាទទួលបានហិរញ្ញវត្ថុដោយមិនចាំបាច់មានរចនាសម្ព័ន្ធហិរញ្ញវត្ថុល្អិតល្អន់ ឬការយល់ដឹងស៊ីជម្រៅអំពីទីផ្សារមូលធន ដែលធ្វើឱ្យវាក្លាយជាជម្រើសហិរញ្ញវត្ថុជាក់ស្តែង និងងាយស្រួលក្នុងការបង្កើនដើមទុនសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ។
ប្រភព/ព័ត៌មានបន្ថែម
- Standard Chartered (n.a.)។ កម្ចីមានកាលកំណត់។ មាននៅលើគេហទំព័រ៖ https://www.sc.com/gh/business/working-capital/term-loans/
- Globalwaters (ឆ្នាំ 2011)។ អភិវឌ្ឍសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន។ សៀវភៅណែនាំសម្រាប់អ្នកអនុវត្តគម្រោង និងអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសឥណ្ឌា ជំពូកទី 6 ហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ មាននៅលើគេហទំព័រ៖ https://www.globalwaters.org/sites/default/files/6-Chapter%206.pdf
- World Bank (n.a.)។ គំនិតផ្តួចផ្តើមភាពស័ក្ដិសមក្នុងការទទួលបានឥណទានទីក្រុង ដែលជាភាពជាដៃគូក្នុងការផ្តល់ហិរញ្ញវត្ថុក្រុង។ មាននៅលើគេហទំព័រ៖ https://www.worldbank.org/en/topic/urbandevelopment/brief/city-creditworthiness-initiative