ការពណ៌នា
ហិរញ្ញប្បទានឥតសំណងផ្នែកជំនួយបច្ចេកទេសគឺជាការផ្ដល់មូលនិធិដើម្បីជួយអ្នកទទួលឱ្យទទួលបានសេវាកម្ម ឬជំនាញឯកទេសដែលពួកគេត្រូវការដើម្បីដំណើរការកាន់តែមានប្រសិទ្ធភាពនៅក្នុងគម្រោងទីក្រុងឆ្លាតវៃ។ ទាំងនេះគឺជាគន្លឹះក្នុងការកែលម្អគោលនយោបាយនិងការរចនាគម្រោង ការលើកកម្ពស់ជំនាញ និងការពង្រឹងសមត្ថភាពអនុវត្ត និងសម្រាប់ការអភិវឌ្ឍស្ថាប័នជាទូទៅ។ ឧទាហរណ៍នៃហិរញ្ញប្បទានឥតសំណងទាំងនោះរួមមាន មូលនិធិពិសេសជំនួយបច្ចេកទេសដោយ ADB មូលនិធិបច្ចេកវិទ្យាស្អាត (CTF) ដោយ មូលនិធិវិនិយោគលើអាកាសធាតុ (CIF) និង ធនាគារវិនិយោគអឺរ៉ុប (EIB) សកម្មភាពអាកាសធាតុ និងបរិក្ខារបរិស្ថាន។ មូលនិធិទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់គម្រោងស្មុគស្មាញ ឬបច្ចេកទេសដូចជាហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។
លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ
- ការតម្រឹបស្របតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបាន។ គម្រោងស្វែងរកមូលនិធិត្រូវតែតម្រឹមឱ្យក្បែរទៅនឹងលក្ខខណ្ឌតម្រូវ គោលបំណង និងអាទិភាពជាក់លាក់របស់មូលនិធិនីមួយៗ។ វាពាក់ព័ន្ធទាំងការយល់ដឹងយ៉ាងហ្មត់ចត់អំពីតំបន់ផ្តោតរបស់មូលនិធិ តំបន់គោលដៅ និងលទ្ធផលដែលបានគ្រោងទុក។ គម្រោងត្រូវតែបង្ហាញពីផលប៉ះពាល់ច្បាស់លាស់តាមរយៈគម្រោងរបស់ពួកគេដើម្បីមានសិទ្ធិទទួលបានមូលនិធិនោះ។ ក្របខ័ណ្ឌ និងមាត្រដ្ឋានវាយតម្លៃផលប៉ះពាល់គួរតែត្រូវដាក់បញ្ចូលទៅក្នុងការរៀបចំផែនការ និងការអនុវត្តគម្រោង។
បញ្ហាប្រឈមដែលអាចកើតមាន
- ជារឿយៗ លទ្ធភាពទទួលបានមូលនិធិមានការប្រកួតប្រជែង។ ដំណើរការដាក់ពាក្យស្នើសុំសម្រាប់សិទ្ធិប្រើប្រាស់មូល-និធិទាំងនេះអាចមានរយៈពេលវែង ការិយាធិបតេយ្យ និងស្មុគស្មាញ។ ការរុករកតាមរយៈដំណាក់កាលជាច្រើននៃការអនុម័ត លក្ខខណ្ឌតម្រូវអនុលោមភាព និងឯកសារអាចបង្កើតជាបញ្ហាប្រឈមសំខាន់ៗសម្រាប់អ្នកដាក់ពាក្យស្នើសុំដែលមានសក្តានុពល ជាពិសេសអង្គការតូចៗ ឬរដ្ឋាភិបាលមូលដ្ឋានដែលមានធនធាន និងជំនាញមានកម្រិត។ ដោយសារតែមានថវិកាមានកម្រិត ការប្រកួតប្រជែងអាចមានភាពខ្លាំងក្លាដោយមានសំណើជាច្រើនប្រជែងគ្នាដើម្បីទទួលបានធនធានដ៏មានកម្រិត។
- អ្នកទទួលអាចប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការបំពេញតាមស្តង់ដារត្រួតពិនិត្យ និងវាយតម្លៃ។ អ្នកទទួលដែលទទួលបានមូលនិធិពីហិរញ្ញប្បទានផ្នែកជំនួយបច្ចេកទេសអាចនឹងត្រូវអនុវត្តការរាយការណ៍ និងលក្ខខណ្ឌតម្រូវនៃគណនេយ្យ-ភាពយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលគម្រោង និងផលប៉ះពាល់បរិស្ថាន ដោយបន្ថែមបន្ទុករដ្ឋបាល និងការចំណាយលើការអនុលោមតាមច្បាប់។
- អ្នកទទួលអាចប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការអនុវត្ត។ អ្នកទទួលហិរញ្ញប្បទានឥតសំណងត្រូវបានតម្រូវឱ្យធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងចំណោមក្រសួង ស្ថាប័នរដ្ឋាភិបាល និងភាគីពាក់ព័ន្ធខាងក្រៅផ្សេងៗសម្រាប់ការអនុវត្តប្រកបដោយជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះអាចបង្ហាញពីបញ្ហាប្រឈម ជាពិសេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃដែលមានភាពស្មុគស្មាញ និងទ្រង់ទ្រាយធំ។
អត្ថប្រយោជន៍ដែលអាចកើតមាន
- ហិរញ្ញប្បទានឥតសំណងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ មូលនិធិទាំងនេះផ្តល់ជូនធនធានហិរញ្ញវត្ថុចាំបាច់ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងរដ្ឋជាសមាជិក អាស៊ាន។ មូលនិធិអាចប្រើសម្រាប់គោលបំណងផ្សេងៗ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងការកសាងសមត្ថភាព។
- ហិរញ្ញប្បទានឥតសំណងអាចផ្តល់ការគាំទ្រសមត្ថភាពបច្ចេកទេស។ ក្រៅពីហិរញ្ញប្បទាន ជារឿយៗហិរញ្ញប្បទានឥតសំណងផ្នែកជំនួយបច្ចេកទេសក៏ផ្តល់ សេវាកសាងសមត្ថភាព និងសេវាប្រឹក្សាយោបល់ដល់អ្នកទទួល ដែលជួយពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់លទ្ធភាពទទួលបានភាពជោគជ័យនៃគម្រោងទទួលហិរញ្ញប្បទាន។ ហិរញ្ញប្បទានឥតសំណងទាំងនេះផ្តល់ធនធានសម្រាប់ការបណ្តុះបណ្តាល និងការអប់រំ ជួយដល់មន្ត្រី អ្នករៀបចំផែនការ និងអ្នកពាក់ព័ន្ធក្នុងស្រុកក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងដែលចាំបាច់ ដើម្បីអនុវត្តនិងគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព។
ប្រភព/ព័ត៌មានបន្ថែម
- ធនាគារអភិវឌ្ឍន៍អាស៊ី (n.d.)។ តើជំនួយបច្ចេកទេសរបស់ ADB (TA) គឺជាអ្វី? មាននៅលើគេហទំព័រ៖ https://www.adb.org/business/how-to/technical-assistance
- ធនាគារពិភពលោក (n.d.)។ កម្មវិធីភាពជាដៃគូទីក្រុងឆ្លាតវៃជាសកល។ មាននៅលើគេហទំព័រ៖ https://www.worldbank.org/en/programs/global-smart-city-partnership-program/partners
- ធនាគារអភិវឌ្ឍន៍អាស៊ី (n.d.)។ មូលនិធិពិសេសសម្រាប់ជំនួយបច្ចេកទេស។ មាននៅលើគេហទំព័រ៖ https://www.adb.org/what-we-do/funds/technical-assistance-special-fund
- មូលនិធិវិនិយោគលើអាកាសធាតុ (n.d.)។ មូលនិធិបច្ចេកវិទ្យាស្អាត។ មាននៅលើគេហទំព័រ៖ https://www.cif.org/topics/clean-technologies
- ធនាគារវិនិយោគអឺរ៉ុប (n.d.)។ ចីរភាពនៃអាកាសធាតុ និងបរិស្ថាន។ មាននៅលើគេហទំព័រ៖ https://www.eib.org/en/projects/topics/climate-action/get-support