ការពណ៌នា
រដ្ឋាភិបាលអាចប្រើការកាត់បន្ថយ ការលើកលែង ឬការបន្ធូរបន្ថយពន្ធ ដើម្បីលើកទឹកចិត្តវិនិយោគិនក្នុងវិស័យឯកជន ឬក្រុមហ៊ុនឱ្យចូលរួមក្នុងគម្រោងដែលពាក់ព័ន្ធនឹងគោលបំណងទីក្រុងឆ្លាតវៃ។ ឧទាហរណ៍ ប្រាក់ឧបត្ថម្ភវិនិយោគអាចត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនដែលចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងលើប្រព័ន្ធស្វ័យប្រវត្តកម្ម ឬឌីជីថលដើម្បីលើកទឹកចិត្តដល់ការអនុម័តបច្ចេកវិទ្យាដោយវិស័យឯកជននេះ។ ការផ្តល់ឥណទានពន្ធលើការវិនិយោគដែលលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជនលើឧបករណ៍ ដូចជារោងចក្រថាមពលកកើតឡើងវិញ ឬកន្លែងចាប់យកកាបូន ក៏ជាឧបករណ៍ទូទៅក្នុងការជំរុញការវិនិយោគក្នុងគម្រោងចីរភាពបរិស្ថានផងដែរ។
លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ
- គោលការណ៍ពន្ធដារច្បាស់លាស់ និងតម្លាភាព។ ការលើកទឹកចិត្តពន្ធដារមិនស្ថិតក្រោមវិសាលភាពនៃប្រព័ន្ធពន្ធដារទូទៅនោះទេ ហើយការដែលមានគោលនយោបាយពន្ធដារច្បាស់លាស់ មានតម្លាភាព និងអាចព្យាករបានគឺជារឿងសំខាន់ ដូច្នេះវិនិយោគិន ឬក្រុមហ៊ុនអាចផ្អែកលើការសម្រេចចិត្តវិនិយោគរយៈពេលវែងលើពួកគេ។
- ច្បាប់ពន្ធដារត្រូវតែមានភាពស៊ីសង្វាក់គ្នា និងអាចព្យាករបាន។ គម្រោងទីក្រុងឆ្លាតវៃអាចមានការវិនិយោគដើមទុនខ្ពស់ និងរយៈពេលសម្រាកវែង។ ការព្យាករគឺមានសារៈសំខាន់ជាពិសេសដោយសារតែវិនិយោគិននឹងតម្រូវឱ្យមានការធានាថា ច្បាប់ពន្ធដារនៅតែមានលក្ខណៈអំណោយផលលើអាយុកាលគម្រោងមុនពេលចាប់ផ្តើមការវិនិ-យោគបែបនេះ។
- អាជ្ញាធរពន្ធដារត្រូវតែអាចអនុវត្តការផាកពិន័យប្រឆាំងនឹងសកម្មភាពគេចពន្ធ។ ការលើកទឹកចិត្តត្រូវតែត្រូវបានរៀបចំឡើងដើម្បីឱ្យការលើកទឹកចិត្តមានភាពរឹងមាំទល់នឹងការគេចពន្ធ ដើម្បីបញ្ចៀសការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនរបស់រដ្ឋាភិបាលពីការវិនិយោគដែលបានបង់ពន្ធពីមុនៗ ដោយសារគម្រោងទាំងនោះរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តពន្ធដារថ្មី។ អាជ្ញាធរត្រូវតែអាចកំណត់ឱ្យបានយ៉ាងច្បាស់នូវក្រុមហ៊ុនដែលកំពុងគេចពន្ធ និងចាត់វិធានការអនុវត្តច្បាប់។
- ការផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីការលើកទឹកចិត្តឱ្យបានច្បាស់លាស់ដល់វិនិយោគិនគឺចាំបាច់ណាស់។ គោលការណ៍ណែនាំស្ដីពីការលើកទឹកចិត្តត្រូវតែបានរៀបចំឡើង និងបញ្ចេញឱ្យដឹងឱ្យបានច្បាស់លាស់ ដើម្បីឱ្យវិនិយោគិន ឬក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរពន្ធដារអាចយល់ច្បាស់អំពីប្រភេទគម្រោងដែលមានលក្ខណៈគ្រប់គ្រាន់ទទួលបានការលើកទឹកចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីការលើកទឹកចិត្តនេះ។
- ការពិនិត្យមើលតាមកាលកំណត់ដើម្បីវាយតម្លៃអត្ថប្រយោជន៍បន្តនៃការលើកទឹកចិត្តពន្ធដារ។ ការលើកទឹកចិត្តនឹងត្រូវពិនិត្យឡើងវិញតាមកាលកំណត់ដើម្បីវាយតម្លៃថាតើការចំណាយ (ប្រាក់ចំណូលដែលបាត់បង់) មានកម្រិតលើសអត្ថប្រយោជន៍ដែលបង្កើតឡើងដោយការលើកទឹកចិត្តពន្ធដារដែរឬទេ និងថាតើការរចនារបស់វានៅតែមានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តដល់ការវិនិយោគទីក្រុងឆ្លាតវៃដែរឬទេ។ ការលើកទឹកចិត្តក៏អាចជាការផ្លាស់ប្តូរការផ្តោតអារម្មណ៍ដើម្បីលើកទឹកចិត្តការវិនិយោគទៅក្នុងវិស័យជាក់លាក់ថ្មីមួយទៀតផងដែរ។
បញ្ហាប្រឈមដែលអាចកើតមាន
- កង្វះបទពិសោធរបស់មន្ត្រីរដ្ឋាភិបាល។ បទពិសោធរបស់មន្ត្រីរដ្ឋាភិបាលអាចនៅមានកម្រិតនៅឡើយក្នុងការរចនាការលើកទឹកចិត្តបែបនេះ ហើយអាចពិបាកក្នុងការរៀបចំការលើកទឹកចិត្តដ៏រឹងមាំដែលនឹងសម្រេចបាននូវលទ្ធផលគោលនយោបាយមួយនេះ ដោយមិនឱ្យរដ្ឋាភិបាលបាត់បង់ចំណូលពន្ធសម្រាប់ការវិនិយោគដែលអាចធ្វើបានតាមលក្ខណៈពាណិជ្ជកម្ម ហើយដែលអាចកើតមានបានដោយឯកឯង។ ជាឧទាហរណ៍ រដ្ឋាភិបាលក្នុងតំបន់នឹងត្រូវសម្រេចចិត្តរវាងការលើកទឹកចិត្តដោយឆន្នានុសិទ្ធិ និងដោយស្វ័យប្រវត្តិ។ បើប្រៀបធៀបទៅនឹងការលើកទឹកចិត្តតាមឆន្ទានុសិទ្ធិ ការលើកទឹកចិត្តដោយស្វ័យប្រវត្តិដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់យ៉ាងច្បាស់លាស់ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈអាចកាត់បន្ថយហានិភ័យនៃអំពើពុករលួយ និងជម្លោះ។
- ហានិភ័យនៃការបម្រុងទុកធនធានក្រោមស្ដង់ដារខ្ពស់បំផុត។ ការលើកទឹកចិត្តពន្ធដារដែលទទួលបានជោគជ័យនឹងបង្កើតការវិនិយោគនៅក្នុងតំបន់ដែលការវិនិយោគនឹងមិនកើតឡើងក្រោមកាលៈទេសៈធម្មតានោះទេ។ បើគ្មានការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន និងការត្រួតពិនិត្យតាមកាលកំណត់ទេ ការលើកទឹកចិត្តពន្ធដារអាចនាំឱ្យមានការវិនិយោគច្រើនពេកនៅក្នុងសកម្មភាពជាក់លាក់ ឬការវិនិយោគតិចតួចពេកនៅក្នុងតំបន់អនុគ្រោះមិនមែនលើពន្ធដារផ្សេងទៀត ដែលអាចខុសពីតម្រូវការរបស់សហគមន៍។
- ថ្លៃចំណាយលើការអនុវត្តច្បាប់ និងការអនុលោមតាមច្បាប់អាចមានចំនួនច្រើន។ ថ្លៃចំណាយនឹងរ៉ាប់រងដោយរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ពន្ធដារ និងដោយអ្នកបង់ពន្ធប្រព្រឹត្តតាម។ ថ្លៃចំណាយលើការអនុវត្តច្បាប់ទាក់ទងនឹងការផ្តល់ការលើកទឹកចិត្តដំបូង និងថ្លៃចំណាយដែលបានរ៉ាប់រងក្នុងការត្រួតពិនិត្យ និងអនុវត្តអនុលោមភាពតាមលក្ខខណ្ឌតម្រូវនៃគុណវុឌ្ឍិ។
អត្ថប្រយោជន៍ដែលអាចកើតមាន
- ថ្លៃចំណាយទាបសម្រាប់ការអនុវត្ត ប្រសិនបើការលើកទឹកចិត្តត្រូវបានកំណត់ច្បាស់លាស់។ ប្រសិនបើការលើកទឹកចិត្តត្រូវរៀបចំឡើង ដើម្បីឱ្យពួកវាអាចយកមកអនុវត្តដោយស្វ័យប្រវត្តិ និងមិនស្ថិតក្រោមឆន្ទានុសិទ្ធិ នោះថ្លៃចំណាយលើការអនុវត្តសម្រាប់រដ្ឋាភិបាលអាចមានកម្រិតទាប ដោយសារការលើកទឹកចិត្តទាំងនេះនឹងត្រូវអនុវត្តដូចគ្នាទៅនឹងឥណទានពន្ធសាជីវកម្មផ្សេងទៀតនៅក្នុងប្រព័ន្ធពន្ធដារដែលមានស្រាប់ ដោយមិនចាំបាច់ត្រូវការថ្នាល ឬប្រព័ន្ធបន្ថែមដែលត្រូវដាក់ឱ្យដំណើរការនោះទេ។
- អនុញ្ញាតឱ្យមានវិធីសាស្រ្តជំរុញទីផ្សារក្នុងការវាយតម្លៃ និងការអនុវត្តគម្រោង។ ជាធម្មតា ការលើកទឹកចិត្តពន្ធដារមានអត្ថប្រយោជន៍តែនៅពេលដែលក្រុមហ៊ុន ឬវិនិយោគិនទទួលបានផលចំណេញ ហើយការអនុវត្តការលើកទឹកចិត្តបែបនេះមិនតម្រូវឱ្យមានការអន្តរាគមន៍សំខាន់ៗនៅក្នុងអាជីវកម្មនោះទេ។ វាអនុញ្ញាតឱ្យវិនិយោគិន ឬអាជីវកម្មវាយតម្លៃហានិភ័យផ្ទាល់ខ្លួនរបស់ពួកគេ និងលទ្ធភាពជោគជ័យនៃគំរូអាជីវកម្ម មុនពេលចាប់ផ្តើមគម្រោង ហើយមិនដូចជាហិរញ្ញប្បទានឥតសំណងផ្ទាល់ទេ លើកទឹកចិត្តពួកគេឱ្យផ្តោតលើប្រសិទ្ធភាពថ្លៃចំណាយ និងផលចំណេញពីគម្រោង និងផ្ដួចផ្ដើមគំរូបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព។
ប្រភព/ព័ត៌មានបន្ថែម
- អង្គការសហប្រជាជាតិ (2019)។ ការរៀបចំ និងការវាយតម្លៃការលើកទឹកចិត្តពន្ធសារនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ មាននៅលើគេហទំព័រ៖ https://www.un.org/esa/ffd/wp-content/uploads/2018/02/tax-incentives_eng.pdf
- អង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (2022)។ ការលើកទឹកចិត្តពន្ធដារ និងការបង់ពន្ធលើក្រុមហ៊ុនអប្បបរមាជាសកល។ មាននៅលើគេហទំព័រ៖ https://www.oecd-ilibrary.org/docserver/25d30b96-en.pdf?expires=1718785231&id=id&accname=guest&checksum=1CA3D4E3FD6215F9EED5725E522C6D36
- Deloitte (2018)។ ការផ្តល់មូលនិធិ និងហិរញ្ញប្បទានដល់ទីក្រុងឆ្លាតវៃនៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍ។ មាននៅលើគេហទំព័រ៖ https://www2.deloitte.com/content/dam/Deloitte/global/Documents/Public-Sector/gx-smart-cities-economies.pdf