មូលនិធិបង្វិល

មូលនិធិបង្វិល គឺជាវិធានការផ្តល់ហិរញ្ញវត្ថុ គម្លាតដែលពាក់ព័ន្ធនឹងការបង្កើតការប្រមូលប្រាក់ដែលបំពេញឡើងវិញដោយខ្លួនឯង ដោយការប្រើប្រាស់ប្រាក់ចំណេញ ឬការសងប្រាក់កម្ចីពីគម្រោងដែលបានផ្តល់មូលនិធិពីមុន ដើម្បីគាំទ្រគំនិតផ្តួចផ្តើមថ្មី ដែលមានចំនួនទឹកប្រាក់ស្មើគ្នា។

ការពណ៌នា

មូលនិធិបង្វិលគឺជាវិធានការ ហិរញ្ញប្បទានសម្រាប់គម្លាតដែលពាក់ព័ន្ធនឹងកា​របង្កើតមូលនិធិ​ដែលជាវិធី​ការ​បំពេញ​គម្លាត​នោះដោយខ្លួនឯង។ ជាធម្មតា មូលនិធិបង្វិលត្រូវបានដំណើរការដោយទីភ្នាក់ងាររដ្ឋាភិបាលទាំងកម្រិតរដ្ឋ និង​សហព័ន្ធ ឬអង្គការអន្តរជាតិ ដូចជា UN-Habitat ជាដើម។

មូលនិធិបង្វិលដំណើរការដោយការប្រើប្រាស់ប្រាក់ចំណេញ ឬប្រាក់កម្ចីដែលបានសង​ពីគម្រោង​ដែលបាន​ផ្តល់​មូលនិធិ​ពីមុន ដើម្បីគាំទ្រគំនិតផ្តួចផ្តើមថ្មីតាមរយៈចំនួនមូលនិធិសមមូល។ មូលនិធិនេះអាចត្រូវបានប្រើប្រាស់ ដើម្បីផ្តល់​ប្រាក់​កម្ចីសម្បទាន ការធានា ឬការវិនិយោគលើភាគហ៊ុនទៅដល់គម្រោងទីក្រុងឆ្លាតវៃជាច្រើន ចាប់ពីគម្រោង សន្សំសំចៃ​ថាមពល រហូតដល់ការធ្វើទំនើបកម្មសេវាកម្មសាធារណៈ ពីគម្រោងកែលម្អការគ្រប់គ្រងសំណល់ និងទឹក ទៅដល់​ហិរញ្ញប្បទាន​សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ វត្ថុបំណង និងរចនាសម្ព័ន្ធនៃ​មូលនិធិបង្វិលមាន​លក្ខណៈបត់បែន​បន្តិច។ វត្ថុបំណង និងរចនាសម្ព័ន្ធនោះអាចត្រូវបានបង្កើតឡើង ដើម្បីបម្រើគោលបំណងតែមួយ​សម្រាប់រយៈពេល​ដែល​បានកំណត់ ហើយបន្ទាប់មកត្រូវបានបញ្ចប់ ឬបង្កើតឡើងក្នុងរយៈពេ​លគ្មានដែនកំណត់​សម្រាប់បញ្ហា​ដែល​កំពុង​តែកើត​មាន។ ដើមទុនដំបូងនៃមូលនិធិបង្វិលជាធម្មតាស្មើនឹងហិរញ្ញប្បទានឥតសំណង ព្រោះវាមិនតម្រូវឱ្យមានការសង​មក​វិញទេ ហើយអាចបានមកពីប្រភពសាធារណៈច្រើនចូលគ្នាដូចជា រដ្ឋាភិបាលក្នុងតំបន់ រដ្ឋ ឬសហព័ន្ធ និងអង្គការ​អភិវឌ្ឍន៍ ឬអង្គការម្ចាស់ជំនួយផ្សេងៗ។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • ការបង្កើតសិទ្ធិទទួលបាន និងលក្ខខណ្ឌសម្រាប់ការបែងចែក។ ការបង្កើតគោលបំណងនៃមូលនិធិបង្វិល រួមទាំង​ការកំណត់សិទ្ធិទទួលបានសម្រាប់អ្នកខ្ចី ចំនួនទឹកប្រាក់អប្បបរមានិងអតិបរមា វិសាលភាព​នៃ​ការប្រើប្រាស់​មូលនិធិ ការបង្កើតគណៈកម្មាធិការដើម្បីពិនិត្យការដាក់ពាក្យ និងកំណត់ភារកិច្ចរដ្ឋបាល និងតម្រូវការបុគ្គលិក​ដែល​ទាក់ទង​នឹង​កម្មវិធី។ល។ គឺជាលក្ខខណ្ឌមូលដ្ឋានមួយចំនួនដែលត្រូវការសម្រាប់ការបង្កើតមូលនិធិបង្វិល។ ការ​បង្កើត​​​ទម្រង់​ពាក្យសុំជាមុន ឬបញ្ជីត្រួតពិនិត្យ​អាចជួយដល់​អ្នកដែល​ទំនងនឹងក្លាយជាអ្នកខ្ចីឱ្យកំណត់​ថាតើ​ពួកគេ​មាន​សិទ្ធិ​ឬអត់ និងលុបចោលពាក្យស្នើសុំណាដែលមិនស័ក្ដិសម។
  • ការអនុវត្តយន្តការទូទាត់សង។ ជាការសំខាន់ដែលអ្នកខ្ចី និងអ្នកគ្រប់គ្រងមូលនិធិត្រូវយល់ដឹង និងប្រកាន់​ខ្ជាប់​លក្ខខណ្ឌទូទាត់សងដែលបានកំណត់ក្នុងកិច្ចសន្យារបស់ពួកគេ ដើម្បីធានាបាននូវចីរភាពនៃមូលនិធិ។ ក្នុងករណី​ដែលអ្នកខ្ចីមានហានិភ័យខកខានទូទាត់សងវិញខ្ពស់ អ្នកគ្រប់គ្រងមូលនិធិ​អាចនឹងត្រូវអនុវត្តផែនការ​សកម្មភាព​កែតម្រូវ ដើម្បីទទួលបានប្រាក់សងមកវិញ។ ចាំបាច់ណាស់ដែលលក្ខខណ្ឌ​ទូទាត់សងត្រូវបានអនុវត្ត​ដោយមាន​យុត្តិធម៌ និងជាប់លាប់។ 
  • លក្ខខណ្ឌតម្រូវក្នុងការរាយការណ៍សម្រាប់តម្លាភាព។ ការរាយការណ៍ត្រឹមត្រូវ និងទាន់ពេលវេលា​ផ្តល់ឱ្យភាគី​ពាក់ព័ន្ធ​នូវការវាយតម្លៃអំពីប្រសិទ្ធភាពនៃមូលនិធិពាក់ព័ន្ធផ្សេងៗ។ វាផ្តល់ឱ្យភាគីពាក់ព័ន្ធនូវ​ព័ត៌មានស៊ីជម្រៅ​អំពី​ស្ថានភាពហិរញ្ញវត្ថុរបស់មូលនិធិ ផលប៉ះពាល់ ការប្រកាន់ខ្ជាប់លក្ខខណ្ឌសិទ្ធិទទួលបាន និងលក្ខខណ្ឌទូទាត់សង រួមទាំង​ផ្នែកដែលទទួលជោគជ័យ និងផ្នែកដែលត្រូវការការកែលម្អ ជាហេតុនាំឱ្យមាន​ការលើកកម្ពស់​ចីរភាព​របស់​មូលនិធិ។

បញ្ហាប្រឈមដែលអាចកើតមាន  

  • កង្វះបទពិសោធក្នុងការអនុវត្តយន្តការមូលនិធិបង្វិល។ កង្វះបទពិសោធក្នុងការរចនា ការអនុវត្ត និងការត្រួតពិ​និត្យ​មូលនិធិបង្វិលអាចជាបញ្ហាប្រឈមសម្រាប់មន្ត្រីរដ្ឋាភិបាល ដែលចង់ប្រើប្រាស់យន្តការនេះលើការផ្តល់ហិរញ្ញ​-ប្បទានដល់គម្រោង​ទីក្រុងឆ្លាតវៃ។ មូលនិធិបង្វិល ដែលជាធនធានសំខាន់ក្នុងការកែច្នៃឡើងវិញ ដើម្បីផ្តល់​ហិរញ្ញ-ប្បទាន​ដល់គម្រោងថ្មីៗ ខណៈដែលប្រាក់កម្ចីចាស់ត្រូវបានសងវិញ ទាមទារឱ្យមានការយល់​ដឹងល្អអំពី​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ ការវាយតម្លៃហានិភ័យ និងការតម្រឹមគម្រោង។ ប្រសិនបើគ្មានបទពិសោធគ្រប់គ្រាន់ទេ មន្ត្រីអាច​នឹង​ពិបាក​ក្នុងការរៀបចំរចនាសម្ព័ន្ធមូលនិធិប្រកបដោយប្រសិទ្ធភាព ជ្រើសរើសគម្រោងដែលអាចសម្រេចបាន និង​គ្រប់គ្រងធនធានរបស់មូលនិធិប្រកបដោយស័ក្ដិសិទ្ធភាព ដែលអាចនាំទៅរកផលិតភាពមូលនិធិទាប។
  • ហានិភ័យនៃផលិតភាពទាបសម្រាប់មូលនិធិបង្វិល។ ការបែងចែកធនធានមិនត្រឹមត្រូវ និងការគាំទ្រគំនិត​ផ្តួចផ្តើម​ដែលមិនខុសពីវត្ថុបំណងរបស់មូលនិធិអាចនឹងប្រើប្រាស់មូលនិធិនោះក្នុងលក្ខណៈមួយមានកម្រិត និងរក្សា​ការ​គាំទ្រ​ជាបន្តបន្ទាប់។ ចំណុចនេះមិនត្រឹមតែរារាំងប្រសិទ្ធភាពរបស់មូលនិធិប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងនាំ​ឱ្យ​បាត់បង់​ឱកាសក្នុងការបញ្ជូនធនធានទៅក្នុងការបណ្តាក់ទុនប្រកបដោយផលិតភាពថែមទៀត។ បញ្ហានេះអាច​កើត​ចេញ​ពី​កត្តាជាច្រើនដែលរួមមាន ការរៀបចំផែនការ និងការកំណត់គោលដៅមិនគ្រប់គ្រាន់ ការត្រួតពិនិត្យ និង​ការតាម​ដាន​មិនគ្រប់គ្រាន់ ការគ្រប់គ្រងហានិភ័យមិនល្អ ការគ្រប់គ្រងដំណើរការរដ្ឋបាលដោយគ្មានស័ក្ដិសិទ្ធភាព ក្នុងចំណោម​កត្តាផ្សេងៗទៀត។
  • កង្វះខាតដែលអាចកើតមានចំពោះការរាយការណ៍ដែលមានលក្ខណៈស្របគ្នា និងស្តង់ដារគណនេយ្យ។ បញ្ហា​ប្រឈម​សំខាន់ក្នុងការគ្រប់គ្រងមូលនិធិបង្វិលត្រង់ថាការរាយការណ៍មិនមានលក្ខណៈស្របគ្នា។ នៅពេល​ដែល​ភាគី​ពាក់ព័ន្ធ និងអ្នកទទួលផលគម្រោងផ្តល់របាយការណ៍ចម្រុះ ឬមិនស៊ីសង្វាក់គ្នា វាធ្វើឱ្យ​ស្មុគស្មាញដ​ល់​ដំណើរការ​ត្រួតពិនិត្យ និងការវាយតម្លៃលើមូលនិធិ។ កង្វះទម្រង់​របាយការណ៍ស្ដង់ដារ​អាចរារាំង​សមត្ថភាព​របស់​អ្នកគ្រប់គ្រងមូលនិធិក្នុងការធ្វើការប្រៀបធៀបដែលត្រឹមត្រូវរវាងគម្រោង វាយតម្លៃដំណើរការអនុវត្តរួម និង​កំណត់​រក​ផ្នែកដែលត្រូវការការកែលម្អ។ ការបង្កើតស្តង់ដាររាយការណ៍ដែល​មានលក្ខណៈស្របគ្នាមានភាព​ចាំបាច់​ដើម្បី​សម្រួលការប្រមូលទិន្នន័យ បង្កើនតម្លាភាព និងសម្របសម្រួលការវិភាគដ៏ទូលំទូលាយ និងស្អិតរមួ​ត​នៃប្រតិបត្តិការ​របស់មូលនិធិ។
  • ផលលំបាកដែលអាចកើតមានឡើងនៅពេលអនុវត្តការត្រួតពិនិត្យដែលមានប្រសិទ្ធភាព។  ការធានាថាថវិកាដែល​បាន​​បែងចែកត្រូវបានប្រើប្រាស់ស្របតាមផែនការដែលបានកំណត់ទុកជាមុន គឺតម្រូវឱ្យ​មានការប្រុងប្រយ័ត្ន​ជា​បន្តបន្ទាប់។ បញ្ហាប្រឈមអាចកើតឡើងពីភាពខុសគ្នានៃការកំណត់ពេលវេលាគម្រោង ការចំណាយ​ដែលមិន​បាន​រំពឹងទុក ឬការផ្លាស់ប្តូរវិសាលភាពគម្រោង ដែលធ្វើឱ្យវាពិបាកក្នុងកា​រ​រក្សាការតាមដានមើល​ការប្រើប្រាស់មូ​លនិធិ​ក្នុង​ពេលវេលាជាក់ស្តែង។ ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពទាមទារឱ្យមានប្រព័ន្ធ​ដ៏រឹងមាំមួយដែលមាន​សមត្ថភាព​តាមដានការចំណាយ ធ្វើឱ្យព្រឹត្តិការណ៍សំខាន់ៗរបស់គម្រោងមានសុពលភាព និងដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលានូវគម្លាតនានា ដែលមន្ត្រីអាចនឹងមិនអាចអនុវត្តបាន ដោយសារកង្វះ​បទពិសោធ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​យន្តការមូលនិធិបង្វិល។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ប្រភពហិរញ្ញវត្ថុដែលទ្រទ្រង់ដោយខ្លួនឯងបាន។ មូលនិធិបង្វិលត្រូវបានរចនាឡើងដើម្បីអាចទ្រទ្រង់ខ្លួនឯងបាន។ ដោយសារមូលនិធិត្រូវបានប្រើប្រាស់សម្រាប់គម្រោង ឬគំនិតផ្តួចផ្តើមដែលបង្កើតប្រាក់ចំណេញ ឬការទូទាត់សង វិធីនេះធានានូវមូលនិធិជាបន្តបន្ទាប់ក្នុងរចនាសម្ព័ន្ធនេះ។ នៅពេលដែលមានការគ្រប់គ្រងត្រឹមត្រូវ មូលនិធិបង្វិល​កាត់បន្ថយការពឹងផ្អែកលើហិរញ្ញប្បទានឥតសំណងតែមួយដង ឬការបែងចែកមូលនិធិពីម្ចាស់ជំនួយច្រើន។
  • ការទទួលបាននូវប្រភពដើមទុនដែលអាចបត់បែនបាន។ មូលនិធិកម្ចីបង្វិល ផ្តល់លទ្ធភាពទទួល​បាននូវ​ប្រភព​ដើម​ទុន​ដែលអាចបត់បែនបាន ហើយអាចត្រូវបានប្រើរួមជាមួយនឹងប្រភពធម្មតាបន្ថែមទៀត។ មូលនិធិនេះផ្ទាល់ អាច​ត្រូវបានបង្កើតឡើងដើម្បីបម្រើគោលបំណង និងគម្រោងចម្រុះផ្សេងៗគ្នា។ លើសពីនេះ នៅពេល​ដែល​មូលនិធិ​រីក​ចម្រើន​តាមរយៈការសងមកវិញ វាអាចត្រូវបានប្រើទៅលើឱកាសដែលកំពុងលេចធ្លោ ឬឱកាសថ្មីៗ។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top