ការពណ៌នា
មូលនិធិវិនិយោគបៃតង (GIF) គឺជាមធ្យោបាយហិរញ្ញប្បទានដែលត្រូវបានរចនាឡើងដើម្បីប្រមូលដើមទុនសម្រាប់គម្រោង និងក្រុមហ៊ុនដែលផ្តោតលើការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ មូលនិធិវិនិយោគបៃតងអាចចូលប្រើប្រភពដើមទុនផ្សេងៗ រួមមានហិរញ្ញប្បទានឥតសំណង ឥណទាន ការវិនិយោគសមធម៌ និងហិរញ្ញវត្ថុចម្រុះ។ ឧទាហរណ៍គួរឱ្យកត់សម្គាល់មួយចំនួន រួមមានកិច្ចសម្របសម្រួលហិរញ្ញវត្ថុបៃតងជាកាតាលីករនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ACGF) ដោយ ADB មូលនិធិវិនិយោគអាកាសធាតុ និងមូលនិធិបរិស្ថានពិភពលោក (GEF)។ ជាធម្មតា មូលនិធិទាំងនេះផ្តោតលើហិរញ្ញប្បទានដល់គម្រោង ដែលមានផលប៉ះពាល់ដល់បរិស្ថាន សង្គម ឬអភិបាលកិច្ច (ESG) ដូចជាប្រព័ន្ធចែកចាយអគ្គិសនី និងថាមពលឆ្លាតវៃ ថាមពលកកើតឡើងវិញ ការដឹកជញ្ជូនប្រកបដោយចីរភាព ការគ្រប់គ្រងទឹក និងកាកសំណល់ និងអគារបៃតង។
លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ
- ការតម្រឹបស្របតាមគោលបំណងរបស់មូលនិធិ។ គម្រោងស្វែងរកមូលនិធិត្រូវតែតម្រឹមឱ្យក្បែរទៅនឹងគោលបំណង និងអាទិភាពជាក់លាក់របស់មូលនិធិនីមួយៗ។ វាពាក់ព័ន្ធទាំងការយល់ដឹងយ៉ាងហ្មត់ចត់អំពីតំបន់ផ្តោតរបស់មូលនិធិ តំបន់គោលដៅ និងលទ្ធផលដែលបានគ្រោងទុក។
- ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ គម្រោងគួរតែបង្ហាញពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថានច្បាស់លាស់ដូចជា ការបង្កើតការងារ ការកែលម្អលទ្ធភាពទទួលបានសេវាកម្ម ការកាត់បន្ថយការបំភាយសារធាតុកាបូន និងការបង្កើនភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ ជារឿយៗ GIF ធ្វើការផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមដែលមានទាំងឥទ្ធិពលលើផ្នែកសេដ្ឋកិច្ចសង្គមជាវិជ្ជមាន និងបរិស្ថាន។
- លទ្ធភាព និងចីរភាពផ្នែកហិរញ្ញវត្ថុ។ សំណើគួរតែគូសបញ្ជាក់អំពីផែនការហិរញ្ញវត្ថុច្បាស់លាស់ រួមទាំងការប៉ាន់ស្មានថ្លៃចំណាយ ប្រភពសហហិរញ្ញប្បទាន យន្តការបង្កើតប្រាក់ចំណូល និងយុទ្ធសាស្ត្រសម្រាប់ចីរភាពរយៈពេលវែងលើសពីរយៈពេលផ្តល់មូលនិធិ។ លទ្ធភាពផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញការវិនិយោគ និងធានាបាននូវនិរន្តភាពគម្រោង។
បញ្ហាប្រឈមដែលអាចកើតមាន
- ជារឿយៗ លទ្ធភាពទទួលបានមូលនិធិមានការប្រកួតប្រជែង។មូលនិធិវិនិយោគបៃតងជាធម្មតាមានលក្ខណៈវិនិច្ឆ័យតឹងរឹងសម្រាប់សិទ្ធិទទួលបានគម្រោងដោយផ្តោតលើចីរភាពបរិស្ថាន លទ្ធភាពហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គមដែលអាចតម្រូវឱ្យរដ្ឋាភិបាលបំពេញតាមតម្រូវការឬស្តង់ដារជាក់លាក់។ ជារឿយៗ ការទទួលបានមូលនិធិពីមូលនិធិវិនិយោគបៃតង គឺមានដំណើរការប្រកួតប្រជែងដែលរដ្ឋាភិបាលត្រូវប្រកួតប្រជែងជាមួយយុត្តាធិការផ្សេងទៀតសម្រាប់មូលនិធិមានកម្រិត ដែលតម្រូវឱ្យមានសំណើគម្រោងគ្រប់ជ្រុងជ្រោយ និងគួរឱ្យទាក់ទាញដើម្បីបង្ហាញភាពលេចធ្លោ។
- ភាពបត់បែនមានកំណត់ និងពេលវេលាប្រព្រឹត្ដកាន់តែយូរ។ មូលនិធិវិនិយោគបៃតងអាចមានតម្រូវការជាក់លាក់ ឬការរឹតត្បិតលើការប្រើប្រាស់មូលនិធិ ដូចជាវិស័យដែលបានកំណត់ ឬប្រភេទគម្រោង ដែលកំណត់ភាពបត់បែនរបស់រដ្ឋាភិបាលក្នុងការបែងចែកធនធានតាមអាទិភាពរបស់ពួកគេ។ ដោយសារតែតម្រូវការដែលបានដាក់ ការទទួលបានមូលនិធិពីមូលនិធិវិនិយោគបៃតងអាចពាក់ព័ន្ធនឹងពេលវេលាប្រព្រឹត្ដកាន់តែយូរ ដោយសារតែតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ការដាក់តម្លៃគម្រោង និងដំណើរការអនុម័ត ការពន្យារពេលការអនុវត្តគម្រោងនិងការប៉ះពាល់ដល់រយៈពេលកំណត់។
- ដំណើរការដាក់ពាក្យស្នើសុំ និងការអនុម័តអាចមានរយៈពេលវែង។ ដំណើរការដាក់ពាក្យស្នើសុំអាចមានរយៈពេលវែង ការិយាធិបតេយ្យ និងស្មុគស្មាញ។ ការរុករកឆ្លងកាត់ការអនុម័តច្រើនដំណាក់កាល លក្ខខណ្ឌតម្រូវអនុលោមភាព និងឯកសារអាចបង្កើតជាបញ្ហាប្រឈមសំខាន់ៗសម្រាប់អ្នកដាក់ពាក្យស្នើសុំដែលមានសក្តានុពល ជាពិសេសសម្រាប់ អង្គការតូចៗ ឬរដ្ឋាភិបាលមូលដ្ឋានដែលមានធនធាន និងជំនាញមានកម្រិត។
- អ្នកទទួលអាចប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការបំពេញតាមស្តង់ដារត្រួតពិនិត្យនិងវាយតម្លៃ។ អ្នកទទួលដែលទទួលបានមូលនិធិពីមូលនិធិវិនិយោគបៃតងអាចត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវនៃការរាយការណ៍ និងលក្ខខណ្ឌតម្រូវនៃគណនេយ្យភាពយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលគម្រោង និងផលប៉ះពាល់បរិស្ថាន ការបន្ថែមបន្ទុករដ្ឋបាល និងថ្លៃចំណាយលើអនុលោមភាពតាមច្បាប់។
អត្ថប្រយោជន៍ដែលអាចកើតមាន
- GIF គាំទ្រដល់ការអភិវឌ្ឍបៃតង។ មូលនិធិទាំងនេះផ្តល់ជូនធនធានហិរញ្ញវត្ថុចាំបាច់ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងរដ្ឋជាសមាជិក អាស៊ាន។ មូលនិធិអាចប្រើសម្រាប់គោលបំណងផ្សេងៗ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងការកសាងសមត្ថភាព។ ជាពិសេស មូលនិធិវិនិយោគបៃតងផ្តល់អាទិភាពដល់គម្រោងដែលមានផលប៉ះពាល់ជាវិជ្ជមានដល់បរិស្ថាន និងសង្គម ដូចជា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកែលម្អគុណភាពខ្យល់ ការប្រើថាមពលសន្សំសំចៃជាងមុន និងការលើកកម្ពស់បរិយាបន្ន និងសមធម៌សង្គម។
- GIF អាចផ្តល់ការគាំទ្រសមត្ថភាពបច្ចេកទេស។ ក្រៅពីហិរញ្ញប្បទាន ជាញឹកញាប់ GIF ក៏ផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសេវាប្រឹក្សាយោបល់ដល់អ្នកទទួល ដែលជួយពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់លទ្ធភាពទទួលបានភាពជោគជ័យលើគម្រោងដែលទទួលហិរញ្ញប្បទាន។
ប្រភព/ព័ត៌មានបន្ថែម
- ធនាគារអភិវឌ្ឍន៍អាស៊ី (n.d.)។ កិច្ចសម្របសម្រួលហិរញ្ញវត្ថុបៃតងជាកាតាលីករនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ACGF)។ មាននៅលើគេហទំព័រ៖ https://www.adb.org/what-we-do/funds/asean-catalytic-green-finance-facility/overview
- មូលនិធិវិនិយោគអាកាសធាតុ (n.d.)។ ទិដ្ឋភាពទូទៅនៃ CIF។ មាននៅលើគេហទំព័រ៖ https://www.cif.org/about-cif
- មូលនិធិបរិស្ថានពិភពលោក (n.d.)។ ការផ្តល់មូលនិធិ។ មាននៅលើគេហទំព័រ៖ https://www.thegef.org/who-we-are/funding