រចនា-សាងសង់-ធ្វើប្រតិបត្តិការ (DBO) 

រចនា-សាងសង់-ធ្វើប្រតិបត្តិការ (DBO) គឺជាប្រភេទគំរូភាពជាដៃគូឯកជនសាធារណៈ (PPP) ដែលក្រុមហ៊ុនម៉ៅការឯកជនចូលរួមចំណែក ដើម្បីរចនា សាងសង់ និងធ្វើប្រតិបត្តិការកន្លែងនេះដោយផ្អែកលើមូលដ្ឋានទំនួលខុសត្រូវតែមួយ។

Instrument Category

Other ınstruments ın the same Category

Relevant case study

ការពណ៌នា

ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP) គឺជាកិច្ចសន្យារយៈពេលវែងរវាងអង្គភាពរដ្ឋាភិបាល និងអង្គភាព​ឯកជន​សម្រាប់ការផ្តល់សេវា ឬទ្រព្យសម្បត្តិដែលមានប្រយោជន៍ជាសាធារណៈ ដែលភាគីឯកជនទទួលរងហានិភ័យ និង​ទទួលខុសត្រូវមួយចំនួន។ PPP អាចមានភាពទាក់ទាញសម្រាប់រដ្ឋាភិបាល ដោយសារតែពួកគេ​អាចផ្ទេរកា​រ​ចំណាយ​​​ជាមុនដល់ដៃគូឯកជន ទាញយកអត្ថប្រយោជន៍ពីជំនាញខាងក្រៅ និងផ្ដល់ជម្រើសហិរញ្ញប្បទានថ្មី។

រចនា-សាងសង់-ធ្វើប្រតិបត្តិការ (DBO) គឺជាប្រភេទនៃគំរូ PPP ដែលក្រុមហ៊ុនម៉ៅការឯកជនបានចូលរួមដើម្បីរចនា សាងសង់ និងធ្វើប្រតិបត្តិការកន្លែងនេះដោយផ្អែកលើមូលដ្ឋាននៃការទទួលខុសត្រូវតែមួយ។ វិស័យសាធារណៈផ្តល់​ហិរញ្ញប្បទានដល់ទីតាំងថ្មី និងម្ចាស់កម្មសិទ្ធិដែលបង្កើតពីទ្រព្យសម្បត្តិនោះ។ តាមរយៈការទទួលបានការរចនា ការ​សាងសង់ និងប្រតិបត្តិការជាកិច្ចសន្យាតែមួយ រដ្ឋាភិបាលអាចកាត់បន្ថយហានិភ័យនៃចំណុចប្រទាក់ និងកែលម្អការ​លើក​ទឹកចិត្តសម្រាប់ការច្នៃប្រឌិត ស័ក្ដិសិទ្ធភាពថ្លៃចំណាយ និងការផ្តល់លទ្ធផលការងារ។

គំរូ DBO គឺជាកិច្ចសន្យាផ្អែកលើលទ្ធផលដែលអ្នកម៉ៅការទទួលខុសត្រូវក្នុងការបំពេញលទ្ធផលនៃកិច្ចសន្យានោះ។ ជាធម្មតា កិច្ចសន្យា DBO គឺជាកិច្ចសន្យារយៈពេលមធ្យមទៅរយៈពេលវែងដែលមានរយៈពេលបម្រើសេវាប្រតិបត្តិការពី 15 ទៅ 20 ឆ្នាំ។ ជាធម្មតា កិច្ចសន្យា DBO មានភាពសមស្របសម្រាប់គម្រោងវាលបៃតង និង/ឬគម្រោងស្មុគស្មាញ​ដែល​ត្រូវការកម្រិតជំនាញបច្ចេកទេសខ្ពស់។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • គោលការណ៍ច្បាប់ និងបទប្បញ្ញត្តិសម្រាប់ PPP។បរិយាកាសច្បាប់ និងបទប្បញ្ញត្តិ​ដ៏រឹង​មាំក្នុងប្រទេស​របស់​គម្រោងគឺមានសារៈសំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធគម្រោង PPP រួមទាំងគម្រោង DBO ផងដែរ។ គោលការណ៍នេះគួរតែកំណត់សិទ្ធិវិនិយោគរបស់វិស័យឯកជន ធានាបាននូវការផ្គត់ផ្គង់ប្រកបដោយតម្លាភាព ធ្វើ​គម្រោងដំណើរការមជ្ឈត្តកម្ម និងបង្កើតវិធានការសម្រាប់ការក្ស័យធន/ការខកខានលើការទូទាត់ប្រាក់។ ការកំណត់​ច្បាស់លាស់លើសមត្ថភាពអនុវត្តច្បាប់ក្នុងចំណោមស្ថាប័ន គឺមានសារៈសំខាន់ណាស់។ គោល-ការណ៍​បទប្បញ្ញត្តិនេះមិនត្រឹមតែបង្កើតឱកាសអាជីវកម្មសម្រាប់វិនិយោគិនឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​មាន​ឥទ្ធិពលលើល្បឿនប្រតិបត្តិការ ការសម្រេចចិត្តលើតម្លៃ និងភាពច្បាស់លាស់ផ្នែកច្បាប់​នៅក្នុង​ការរៀបចំ​កិច្ចសន្យា និងវិធាននៃការអនុវត្តច្បាប់ផងដែរ។
  • ជំនាញវិស័យសាធារណៈក្នុងការរចនា និងការអនុវត្ត។ ការអនុវត្ត PPP ប្រកបដោយ​ជោគជ័យ​ពឹង​ផ្អែក​លើ​គោលការណ៍ស្ថាប័នប្រកបដោយប្រសិទ្ធភាព ដែលកំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវ​ទូទាំង​ក្រសួង និងស្ថាប័នសម្របសម្រួល។ សកម្មភាពនេះបង្កើនស័ក្ដិសិទ្ធភាព និងធានានូវការអនុវត្តកិច្ចព្រមព្រៀង PPP ប្រកបដោយប្រសិទ្ធភាពដោយលើកកម្ពស់ភាពជោគជ័យជាទូទៅ និងចីរភាពនៃការបណ្តាក់ទុនរួមគ្នា​រវាង​វិស័យសាធារណៈ និងឯកជន។
  • អ្នកផ្តល់សេវាក្នុងវិស័យឯកជនដែលមានសមត្ថភាព។ PPP នឹងទទួលបានជោគជ័យ លុះត្រាតែវិស័យ​ឯកជន​មានសមត្ថភាពដើម្បីបន្ថែមតម្លៃដល់ការផ្តល់សេវាសាធារណៈ។ ដូច្នេះ PPP គួរតែត្រូវបាន​អនុវត្តចំពោះ​តែ​គម្រោងដែលវិស័យឯកជនមានសមត្ថភាពបំពេញតាមស្តង់ដារសេវាកម្ម ដែលទាមទារដោយរដ្ឋាភិបាល ឬ​សាធារណៈជនប៉ុណ្ណោះ។ ជាពិសេស វាមានសារៈសំខាន់នៅក្នុងគំរូ DBO ដែលអ្នកម៉ៅការវិស័យ​ឯកជន​ម្នាក់​ទទួលខុសត្រូវក្នុងការផ្តល់គម្រោងនៅគ្រប់ដំណាក់កាលនៃការរចនា ការសាងសង់ និងប្រតិបត្តិការ។

បញ្ហាប្រឈមដែលអាចកើតមាន

  • កង្វះសមត្ថភាពរបស់វិស័យសាធារណៈក្នុងការអនុវត្តគោលការណ៍ PPPសមត្ថភាពវិស័យសាធារណៈ​មិន​គ្រប់គ្រាន់ក្នុងការបង្កើតគោលនយោបាយ និងការគ្រប់គ្រងបទប្បញ្ញត្តិអាចរារាំងការបង្កើតគោលការណ៍ច្បាប់​/​បទប្បញ្ញត្តិ PPP ដ៏រឹងមាំ និងបង្អាក់ទឹកចិត្ដឱ្យមានការចូលរួមពីវិស័យឯកជន។ លើសពីនេះ សមត្ថភាព​វិស័យ​សាធារណៈមានកម្រិតក្នុងការរៀបចំផែនការ និងការគ្រប់គ្រងគម្រោង PPP អាចបណ្តាល​ឱ្យមាន​កិច្ចសន្យា​ដែល​មានរចនាសម្ព័ន្ធមិនល្អ ការបែងចែកហានិភ័យមិនច្បាស់លាស់ និងការកាត់​បន្ថយការទាក់ទាញ​សម្រាប់​វិនិយោគិនឯកជន។ ជាពិសេស គម្រោង DBO តម្រូវឱ្យមាន​ជំនាញលើវិស័យ​សាធារណៈ​នៅគ្រប់​ដំណាក់​-កាល​រចនា ការសាងសង់ និងប្រតិបត្តិការ ដើម្បីធានាបាននូវការអនុវត្ត PPP ប្រកបដោយជោគជ័យ និង​ចីរភាព។
  • កង្វះសមត្ថភាពរបស់វិស័យឯកជនចំក្នុងការគ្រប់គ្រងដំណាក់កាលគម្រោង។ សមត្ថភាពមានកម្រិតក្នុង​វិស័យ​ឯកជនអាចបង្កើតបញ្ហាប្រឈមសម្រាប់អ្នកម៉ៅការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និង​បទប្បញ្ញត្តិ ដែល​នាំឱ្យមានការរាំងស្ទះ និងការពន្យារពេលក្នុងការអនុវត្តគម្រោង។ជាពិសេស បញ្ហានេះមានសារៈ​សំខាន់​នៅក្នុងគំរូ DBO ដែលអ្នកម៉ៅការម្នាក់ទទួលខុសត្រូវក្នុងការគ្រប់គ្រងដំណាក់កាលគម្រោងទាំងអស់ ដោយ​សង្កត់ធ្ងន់លើតម្រូវការសម្រាប់សមត្ថភាពក្នុងវិស័យឯកជនសម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ។
  • ហានិភ័យនៃការឈប់បន្តសេវាកម្មដែលអាចកើតមាន។ ប្រសិនបើអ្នកម៉ៅការជួបបញ្ហាប្រឈម​ខាងហិរញ្ញវត្ថុ​អំឡុងពេលកិច្ចសន្យា ការបន្តសេវាកម្មអាចនឹងត្រូវរងការប៉ះពាល់ ប្រសិនបើ​រដ្ឋាភិបាល/អ្នកផ្តល់​សេវា​ឯកជន​ផ្សេងទៀតមិនអាចទទួលធ្វើ និងបន្តផ្តល់សេវាកម្មនោះបាន។ ជាពិសេស បញ្ហាប្រឈម​នេះមានសារៈសំខាន់​សម្រាប់គម្រោង DBO ដែលអ្នកម៉ៅការម្នាក់ត្រួតពិនិត្យគ្រប់ដំណាក់កាលរបស់គម្រោងទាំងអស់ ដោយ​បង្កើន​ហានិភ័យនៃការរំខានដល់សេវាកម្ម ប្រសិនបើមានបញ្ហាហិរញ្ញវត្ថុកើតឡើង។
  • លក្ខខណ្ឌតម្រូវសម្រាប់ការវិនិយោគមូលធនធំៗពីវិស័យសាធារណៈធៀបនឹងវិធីសាស្រ្តលទ្ធកម្មផ្សេងទៀត។ អ្នកម៉ៅការអាចកំណត់តម្លៃហានិភ័យសំខាន់ៗចំពោះការដេញថ្លៃរបស់ពួកគេ ដោយសារលក្ខណៈ​គម្រោង​រយៈពេលវែង។ ដូច្នេះ កិច្ចសន្យា DBO អាចមានតម្លៃថ្លៃជាងមុន ហើយតម្រូវឱ្យមាន​ការវិនិយោគ​មូលធន​កាន់​តែ​ច្រើនពីរដ្ឋាភិបាលធៀបនឹងវិធីសាស្រ្តលទ្ធកម្មផ្សេងទៀត (ឧទាហរណ៍គំរូ PPP ផ្អែកលើសម្បទាន)។
  • កិច្ចសន្យារយៈពេលវែងដែលមិនមានភាពបត់បែន។ ជារឿយៗ កិច្ចសន្យា DBO ត្រូវចាត់ទុកថាជា​កិច្ចសន្យា​តម្លៃថេររវាងរដ្ឋាភិបាល និងដៃគូវិស័យឯកជន ដែលមានន័យថាការផ្លាស់ប្តូរ ឬការកែប្រែ​ណាមួយ​តម្រូវ​ឱ្យ​មាន​ការព្រមព្រៀងគ្នាទៅវិញទៅមកពីភាគីទាំងពីរ។ ចំណុចនេះមានន័យថា អ្នកម៉ៅការអាចមិនមាន​ភាពបត់បែន​ក្នុង​ការដោះស្រាយព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក ដូចជាការផ្លាស់ប្តូរតម្រូវការសាធារណៈ ឬការផ្លាស់ប្តូរ​បច្ចេកវិទ្យា ប្រសិនបើកិច្ចសន្យា DBO ខ្វះខាតបទប្បញ្ញត្តិស្ដីពីការប្រែប្រួល។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • ការសន្សំថ្លៃចំណាយដែលមានសក្តានុពលចំពោះគម្រោង។ អ្នកម៉ៅការក្នុងវិស័យឯកជន ដែលមានភារកិច្ច​ត្រួត​ពិនិត្យដំណាក់កាលគម្រោងផ្សេងៗនៃការរចនា ការសាងសង់ ការថែទាំ និងប្រតិបត្តិការ ត្រូវបានលើក​ទឹក​ចិត្ត​ឱ្យបង្កើនប្រសិទ្ធភាពនៃការចំណាយវដ្តជីវិតសម្រាប់ស័ក្ដិសិទ្ធភាពនៃការចំណាយរយៈពេលវែង។ ការធ្វើ​ដូច្នេះ​នឹងនាំឱ្យមានការបង្កើនតម្លៃសម្រាប់វិស័យសាធារណៈ ដោយសារអ្នកផ្តល់សេវាក្នុងវិស័យឯកជន​ផ្តល់​អាទិភាពដល់ការរក្សាស្តង់ដារគុណភាពខ្ពស់ ខណៈកាត់បន្ថយការចំណាយលើវដ្តជីវិត។ ជាពិសេស វាពាក់ព័ន្ធ​នៅក្នុងគម្រោង DBO ដែលអ្នកម៉ៅការត្រូវ​បានលើកទឹកចិត្តឱ្យបង្កើត​គម្រោងដែល​ផ្ដោតលើលទ្ធផល​ការងារ​រយៈពេលវែងរបស់ខ្លួនតាំងពីដំបូង ជាជាងគ្រាន់តែរៀបចំដើម្បីឱ្យស័ក្ដិសម និងដើម្បី​ជាប់ការ​សាកល្បង​នៅ​ពេលបញ្ចប់ ដោយសារតែអ្នកម៉ៅការនឹងទទួលខុសត្រូវរាល់វិក្កយបត្រប្រតិបត្តិការ ថែទាំ ឬជួសជុល​ដែល​មាន​តម្លៃថ្លៃ។
  • អ្នកម៉ៅការក្នុងវិស័យឯកជនត្រូវបានលើកទឹកចិត្តឱ្យផ្តល់លទ្ធផលដ៏ល្អប្រសើរ។ អ្នកម៉ៅការក្នុងវិស័យឯកជន​ត្រូវ​បានលើកទឹកចិត្តឱ្យផ្តល់លទ្ធផលដ៏ល្អប្រសើរ នៅពេលដែលពួកគេព្យាយាមបំពេញតាម និងធ្វើឱ្យ​លើស​ពី​គោលដៅលទ្ធផលការងារនៅគ្រប់ដំណាក់កាលគម្រោងផ្សេងៗ។ ការធ្វើដូច្នេះ​នឹងនាំឱ្យមានការពង្រឹង​គុណ​ភាព​សេវាកម្ម ការប្រគល់គម្រោងទាន់ពេលវេលា និងការគ្រប់គ្រងទ្រព្យសម្បត្តិ​សាធារណៈ​រយៈពេល​វែង​ប្រកប​ដោយប្រសិទ្ធភាព ហើយនៅចុងបញ្ចប់នោះគឺផ្តល់អត្ថប្រយោជន៍ទាំងក្នុងវិស័យសាធារណៈ និងអ្នក​ប្រើប្រាស់​ចុងក្រោយ។ ជាពិសេស គម្រោង DBO បង្ហាញពីអត្ថប្រយោជន៍នៃលទ្ធផលការងាររបស់ PPP ជា អង្គការតែមួយដែលត្រួតពិនិត្យវដ្តជីវិតគម្រោងទាំងមូលបង្កើនភាពស៊ីសង្វាក់គ្នា គណនេយ្យភាព និង​ការផ្តល់​លទ្ធផលល្អប្រសើរប្រកបដោយស័ក្ដិសិទ្ធភាព។
  • រដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រងកាន់តែខ្លាំងលើដំណើរវិវឌ្ឍន៍គម្រោង។ នៅក្នុងគម្រោង DBO រដ្ឋាភិបាល​មាន​សិទ្ធិគ្រប់គ្រងកាន់តែច្រើនលើរបៀបដែលគម្រោងដំណើរការ ចាប់តាំងពីពួកគេរក្សាភាពជាម្ចាស់ទ្រព្យសម្បត្តិ ហើយមានចំណុចការទទួលខុសត្រូវតែមួយ (ដែលកាត់បន្ថយការសម្របសម្រួល និងហានិភ័យ​នៃ​ចំណុច​ប្រទាក់​រវាងការរចនា-សាងសង់ និងប្រតិបត្តិការ)។ វាធ្វើឱ្យកាន់​តែមានភាពងាយស្រួល​ក្នុងការធានា​ឱ្យ​គម្រោង​បញ្ចប់ទាន់ពេលវេលា និងក្នុងថវិកាដែលបានព្រមព្រៀងគ្នា។ លើសពីនេះ វាអនុញ្ញាត​ឱ្យមាន​ភាព​បត់បែន​កាន់​តែ​ច្រើន នៅពេលដែលចាំបាច់ត្រូវមានការផ្លាស់ប្ដូរទៅលើគម្រោង។
  • គំរូ DBO អនុញ្ញាតឱ្យកំណត់ជាមុននូវដើមទុន និងថ្លៃចំណាយដែលកើតឡើងវិញ។ ជារឿយៗ គំរូ DBO ផ្តល់​ភាព​ប្រាកដប្រជាអំពីកម្រិតថវិកាខ្ពស់ (ទាំងដើមទុន និងថ្លៃចំណាយដែលកើតឡើងវិញ) នៅដំណាក់កាល​ដំបូង​ដែលមានហានិភ័យតិចតួចនៃថ្លៃចំណាយលើសសម្រាប់អង្គភាពលទ្ធកម្ម ដោយសារគំរូ DBO អនុញ្ញាត​ឱ្យ​កំណត់ជាមុននូវដើមទុន និងថ្លែចំណាយដែលកើតឡើងវិញ។

ប្រភព/ព័ត៌មានបន្ថែម៖ 

Case Study

Scroll to Top