ការពណ៌នា
ការកែច្នៃទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធឡើងវិញពាក់ព័ន្ធនឹងការរកប្រាក់ចំណូលពីទ្រព្យសម្បត្តិរដ្ឋដែលមានស្រាប់តាមរយៈការលក់ ឬជួលទៅឱ្យវិស័យឯកជន ដោយរាល់មូលនិធិទាំងអស់ដែលទទួលបានត្រូវបានវិនិយោគឡើងវិញនៅក្នុងហេដ្ឋារចនាសម្ព័ន្ធថ្មី។ រដ្ឋាភិបាលលក់ (ឬជួល) ទ្រព្យសម្បត្តិរដ្ឋទៅឱ្យអង្គភាពឯកជនសម្រាប់តម្លៃ ហើយបន្ទាប់មកប្រើប្រាក់ចំណេញដើម្បីផ្តល់មូលនិធិដល់ការវិនិយោគនាពេលអនាគត។ រដ្ឋាភិបាលអាចលក់ទ្រព្យសម្បត្តិដែលលែងត្រូវការទៀត លក់ទ្រព្យសម្បត្តិដើម្បីទាញយកអត្ថប្រយោជន៍ពីតម្លៃដើមទុនបច្ចុប្បន្នរបស់ខ្លួន ហើយបន្ទាប់មកជួលវាមកវិញសម្រាប់ការប្រើប្រាស់ជាសាធារណៈ ឬធ្វើការផ្លាស់ប្តូរទ្រព្យសម្បត្តិ ឬការរៀបចំណែកដើម្បីជួយផែនការអភិវឌ្ឍន៍វិស័យឯកជន។ ការកែច្នៃទ្រព្យសម្បត្តិផ្តល់ឱកាសដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការថ្មី ដោយមិនបន្ថែមលើបំណុលសាធារណៈ ខណៈពេលដែលរក្សា ឬកែលម្អការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ប្រកបដោយសក្ដានុពល។
លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ
- ការបង្កើតយន្តការ ឬគោលការណ៍ណែនាំដ៏រឹងមាំសម្រាប់ការប្រើប្រាស់ប្រាក់ចំណេញមានភាពចាំបាច់។ ដើម្បីធានាថាប្រាក់ចំណេញពីការកែច្នៃទ្រព្យសម្បត្តិត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព យន្តការ ឬគោល-ការណ៍ណែនាំច្បាស់លាស់សម្រាប់ការវិនិយោគឡើងវិញ ឬការផ្តល់មូលនិធិដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធថ្មីមានភាពចាំបាច់ដែលត្រូវបង្កើត។ អាជ្ញាធរមូលដ្ឋានអាចជ្រើសរើសដើម្បីរក្សាប្រាក់ចំណេញពីការកែច្នៃទ្រព្យសម្បត្តិសម្រាប់ការវិនិយោគឡើងវិញក្នុងហេដ្ឋារចនាសម្ព័ន្ធក្រោមរង្វង់សមត្ថកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ ឬប្រាក់ចំណេញអាចត្រូវបានលៃទុកក្នុងមូលនិធិរួមនៅគ្រប់ទីភ្នាក់ងារសាធារណៈ។ នៅក្នុងសេណារីយ៉ូចុងក្រោយនេះ ការប្រើប្រាស់មូលនិធិនឹងត្រូវមានតម្លាភាព និងគណនេយ្យភាព ដើម្បីធានាបាននូវការបង្កើតតម្លៃរយៈពេលវែង។
- កិច្ចព្រមព្រៀងគម្រោងច្បាស់លាស់ដែលបង្ហាញពីការទទួលខុសត្រូវ និងភារកិច្ចរបស់អ្នកពាក់ព័ន្ធសាធារណៈ និងឯកជន។ ប្រតិបត្តិការកែច្នៃទ្រព្យសម្បត្តិអាចពាក់ព័ន្ធនឹងការផ្តល់សម្បទានរយៈពេលវែង ឬការជួលទ្រព្យសម្បត្តិទៅឱ្យដៃគូឯកជនដើម្បីដំណើរការ និងថែទាំ ហើយពេលខ្លះត្រូវអភិវឌ្ឍឡើងវិញ និង/ឬពង្រីក។ កិច្ចព្រមព្រៀងគម្រោងច្បាស់លាស់ ដែលកំណត់លក្ខខណ្ឌតម្រូវនៃការរាយការណ៍ ដំណើរការត្រួតពិនិត្យការ-អនុវត្ត នីតិវិធីដោះស្រាយវិវាទ និងនីតិវិធីប្រគល់ត្រឡប់ក្នុងចំណោមវិស័យគ្រប់គ្រងគម្រោងពាក់ព័ន្ធផ្សេងទៀតនឹងមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ឧបករណ៍កែច្នៃទ្រព្យសម្បត្តិប្រកបដោយជោគជ័យ។
- ស្តង់ដារក្នុងការអនុវត្ត និងកាតព្វកិច្ចប្រគល់ត្រឡប់ ចាំបាច់ ត្រូវកំណត់តាំងពីដំណាក់កាលដំបូង។ សម្រាប់ប្រតិបត្តិការកែច្នៃទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងរយៈពេលសម្បទាន ឬជួល គួរតែមានសំណុំកាតព្វកិច្ចនៅពេលចាកចេញដែលទាំងវិស័យឯកជន និងអាជ្ញាធរពាក់ព័ន្ធនឹងត្រូវបំពេញនៅចំណុចចាកចេញសម្រាប់វិស័យឯកជន។ ក្នុងការកំណត់កាតព្វកិច្ចទាំងនេះនៅដើមដំបូងរបស់គម្រោង ត្រូវពិចារណាលើចីរភាពរយៈពេលវែងរបស់ទ្រព្យសម្បត្តិ និរន្តភាពលើការផ្តល់សេវា និងការរក្សាស្តង់ដារសេវាកម្ម។ កាតព្វកិច្ចប្រគល់ក៏ត្រូវកំណត់នីតិវិធី ដើម្បីកំណត់ការវាយតម្លៃគុណភាពជាក់ស្តែង និងថ្លៃចំណាយលើការកែតម្រូវដែលត្រូវបង់ក្នុងករណីដែលមានគុណភាពទ្រព្យសម្បត្តិមិនល្អនៅពេលប្រគល់នោះ។ ឧទាហរណ៍ វាអាចពាក់ព័ន្ធនឹងដំណើរការឯករាជ្យដើម្បីធ្វើការត្រួតពិនិត្យការប្រគល់។
- ការចូលរួមរបស់ក្រុមផលប្រយោជន៍សាធារណៈ និងវិស័យឯកជន មុនពេលចាប់ផ្តើមគម្រោងកែច្នៃទ្រព្យសម្បត្តិមានសារៈសំខាន់ណាស់។ ការយល់ឃើញអំពីឯកជនភាវូបនីយកម្មរបស់ទ្រព្យសម្បត្តិមានភាពខុសគ្នានៅទូទាំងប្រទេស និងវិស័យ ហើយការលក់ ឬជួលទ្រព្យសម្បត្តិសាធារណៈពីរដ្ឋាភិបាលទៅអង្គភាពឯកជនអាចប្រឈមមុខនឹងប្រតិកម្មសាធារណៈដោយសារបញ្ហា ដូចជាការបាត់បង់ការងារ ឬការព្រួយបារម្ភសន្តិសុខសាធារណៈក្នុងចំណោមបញ្ហាផ្សេងទៀត។ ការចូលរួមដំបូងរបស់ក្រុមសាធារណៈមានសារៈសំខាន់ណាស់ក្នុងការកសាងការគាំទ្រជាសាធារណៈដ៏រឹងមាំ និងសម្រាលការព្រួយបារម្ភណាមួយរបស់កម្មករនៅក្នុងវិស័យដែលរងផលប៉ះពាល់។ លើសពីនេះ ការចូលរួមដំបូងរបស់វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការស្វែង-យល់ពីចំណាប់អារម្មណ៍ និងការព្រួយបារម្ភរបស់វិស័យឯកជនឱ្យបានទាន់ពេល និងផ្តល់ឱ្យវិនិយោគិននូវទិដ្ឋភាពបឋមអំពីទ្រព្យសម្បត្តិណាដែលត្រូវបញ្ចូលក្នុងគម្រោងណាមួយ និងថាតើប្រការក្នុងកិច្ចសន្យាទំនងនឹងទៅជាយ៉ាងណា។
បញ្ហាប្រឈមដែលអាចកើតមាន
- កង្វះបទពិសោធរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងគ្រប់គ្រងកិច្ចសន្យារយៈពេលវែង។ សម្រាប់គម្រោងដែលតម្រូវឱ្យមានភាពជាដៃគូទូលំទូលាយជាមួយវិស័យឯកជន (ពោលគឺរយៈពេលសម្បទាន ឬរយៈពេលជួលលើការកែច្នៃទ្រព្យសម្បត្តិ) រដ្ឋាភិបាលដែលខ្វះបទពិសោធធ្វើការជាមួយវិស័យឯកជនអាចរកយល់ថា វាពិបាកក្នុងការធ្វើសេចក្តីព្រាងកិច្ចសន្យាដែលចែងលក្ខខណ្ឌតម្រូវនៃការរាយការណ៍ ដំណើរការត្រួតពិនិត្យការអនុវត្ត និងនីតិវិធីប្រគល់ត្រឡប់ក្នុងលក្ខណៈមួយដែលនឹងធានាបាននូវចីរភាពរយៈពេលវែងនៃគម្រោង និងផលប្រយោជន៍សាធារណៈ។ លើសពីនេះ រដ្ឋាភិបាលអាចខ្វះបទពិសោធក្នុងការធានាបាននូវការគ្រប់គ្រងកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងការត្រួតពិនិត្យការអនុវត្តការងារពេញមួយរយៈពេលនៃគម្រោង។
- ការលំបាកក្នុងការកំណត់អត្តសញ្ញាណទ្រព្យសម្បត្តិសមរម្យសម្រាប់ការកែច្នៃ។ ដើម្បីមានភាពទាក់ទាញដល់ដៃគូក្នុងវិស័យឯកជន ទ្រព្យសម្បត្តិនឹងត្រូវមានគាំទ្រពី លំហូរសាច់ប្រាក់កន្លងមកវិជ្ជមាន និងមានសក្តានុពលក្នុងការបង្កើតលំហូរសាច់ប្រាក់ជាវិជ្ជមានសម្រាប់ដៃគូក្នុងវិស័យឯកជននាពេលអនាគត។ ដើម្បីនាំយកតម្លៃដល់អាជ្ញាធររដ្ឋាភិបាលដែលធ្វើប្រតិបត្តិការ ប្រាក់ចំណូលដែលបានបង្កើតដោយប្រតិបត្តិការត្រូវតែអាចបំពេញកាតព្វកិច្ចសងបំណុល និង/ឬថ្លៃសេវាមុននឹងត្រូវបង្កើតមូលនិធិគ្រប់គ្រាន់ដើម្បីគាំទ្រដល់តម្រូវការចំណាយរបស់រដ្ឋាភិបាល (រួមទាំងតម្រូវការហិរញ្ញប្បទានទីក្រុងឆ្លាតវៃ)។
អត្ថប្រយោជន៍ដែលអាចកើតមាន
- ផ្តល់ជម្រើសដើម្បីផ្តល់មូលនិធិលើហេដ្ឋារចនាសម្ព័ន្ធថ្មីដោយមិនបង្កើនបំណុលសាធារណៈ។ ការកែច្នៃទ្រព្យសម្បត្តិផ្តល់ជម្រើសដល់រដ្ឋាភិបាលក្នុងការបង្កើតឱ្យមានហិរញ្ញប្បទានថ្មីដោយប្រើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ដោយមិនបង្កឱ្យមានបំណុលសាធារណៈថ្មី។ វាអាចធ្វើឱ្យប្រសើរឡើងនូវតម្លៃផលប័ត្រទ្រព្យសម្បត្តិរបស់ខ្លួន ហើយមូលនិធិដែលមានអាចគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃជាច្រើន។
- ភាពជាដៃគូជាមួយវិស័យឯកជនអាចកែលម្អសក្តានុពលនៃការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធ។ វិស័យឯកជនមានសមត្ថភាពក្នុងការនាំយកជំនាញបច្ចេកទេស ឬវិស័យថ្មីទៅកាន់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងកែលម្អប្រសិទ្ធភាព ឬការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធនោះ។ ក្នុងគំរូការជួល ឬសម្បទានរយៈពេលវែង ក្រោមដៃគូក្នុងវិស័យឯកជនណាមួយដែលអាចដំណើរការទ្រព្យសម្បត្តិក្នុងរយៈពេលបន្ថែម ក៏អាចមានការលើកទឹកចិត្តឱ្យផ្តល់ហិរញ្ញវត្ថុដល់ការធ្វើឱ្យប្រសើរឡើងនូវទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ប្រភព/ព័ត៌មានបន្ថែម
- ធនាគារពិភពលោក (ឆ្នាំ 2023)។ គោលការណ៍ណែនាំសម្រាប់ការអនុវត្តប្រតិបត្តិការកែច្នៃទ្រព្យសម្បត្តិ។ មាននៅលើគេហទំព័រ៖ https://ppp.worldbank.org/public-private-partnership/library/guidelines-implementing-asset-recycling-transactions-download-pdf-version-now-available
- Oliver Wyman (2018)។ ការកែច្នៃទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ៖ ព័ត៌មានស៊ីជម្រៅសម្រាប់រដ្ឋាភិបាល និងវិនិយោគិន។ មាននៅលើគេហទំព័រ៖ https://www.oliverwyman.com/content/dam/oliver-wyman/v2/publications/infrastructure-asset-recycling-grc.pdf
- ធនាគារពិភពលោក (ឆ្នាំ 2023)។ ហេតុអ្វីបានជាប្រទេសគួរតែអនុវត្តការកែច្នៃទ្រព្យសម្បត្តិ និងកន្លែងដែលត្រូវទទួលបានការណែនាំល្អៗ។ មាននៅលើគេហទំព័រ៖ https://blogs.worldbank.org/en/ppps/why-countries-should-implement-asset-recycling-and-where-get-good-guidance