ឧបករណ៍ហិរញ្ញប្បទាន និងចំនួនទឹកប្រាក់
45 លានដុល្លារតាមរយៈមូលនិធិអភិវឌ្ឍន៍តំបន់
ជីវប្រវត្តិ
ស្ថិតនៅតំបន់ភ្នំភាគកណ្តាលប៉ែកខាងជើងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ប្រទេសឡាវ PDR) ហ្លួងព្រះបាងដើរតួជាទីរួមខេត្តដែលមានឈ្មោះដូចគ្នា។ បានទទួលឈ្មោះជាទីក្រុងក្នុងឆ្នាំ 2018 ហ្លួងព្រះបាងមានភូមិចំនួន 115 លើផ្ទៃដី 774 គីឡូម៉ែត្រការ៉េនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេណាមខាន់។ យោងតាមទិន្នន័យផ្លូវការចុងក្រោយបំផុត ហ្លួងព្រះបាងមានប្រជាជនចំនួន 90,313 នាក់ក្នុងឆ្នាំ 2015 ដែលប្រមូលផ្តុំជាចម្បងនៅក្នុងទីក្រុងស្នូល។ ប្រជាជនបានកើនឡើង 68% ពីឆ្នាំ 1995 ដល់ឆ្នាំ 2015 ជាមួយនឹងការកើនឡើងប្រចាំឆ្នាំប្រហែលជា 2.6%។ ក្នុងរយៈពេលដូចគ្នានេះដែរ ទីក្រុងស្នូលបានពង្រីក 117% ឬ 5.3% ជារៀងរាល់ឆ្នាំ។ ទោះបីជាមានការកើនឡើងចំនួនប្រជាជនសរុបក៏ដោយ តំបន់ការពារបេតិកភណ្ឌ (ZPP) បានឃើញការថយចុះ ដោយសារតែអគារលំនៅឋានត្រូវបានបំប្លែងទៅជាកន្លែងដែលទាក់ទងនឹងទេសចរណ៍ ដូចជាផ្ទះសំណាក់ និងភោជនីយដ្ឋាន។
ទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់របស់សេដ្ឋកិច្ចក្នុងស្រុក។ ទីក្រុងហ្លួងព្រះបាងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ 1995។ ការកំណត់នេះបាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវអន្តរជាតិពី 20,000 នាក់ក្នុងឆ្នាំ 1995 ដល់ 638,000 ក្នុងឆ្នាំ 2019។ ក្នុងឆ្នាំ 2019 មុនពេលជំងឺរាតត្បាត COVID-19 បានប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ ខេត្តនេះមានភ្ញៀវទេសចរមកដល់សរុបចំនួន 860,035 នាក់ កើនឡើង 13.9% បើធៀបនឹងឆ្នាំ 2018 ដែលមាន 26% ជាភ្ញៀវក្នុងស្រុក។ ជំងឺរាតត្បាត និងការរឹតបន្តឹងការធ្វើដំណើរបានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងចំនួន 68% លើការមកដល់របស់ភ្លៀវអន្តរជាតិក្នុងឆ្នាំ 2020 ធៀបទៅនឹងឆ្នាំ 2019។ នៅឆ្នាំ 2022 ការមកដល់របស់ភ្លៀវអន្តរជាតិបានស្ទុះងើបឡើងវិញដល់ចំនួន 257,000 នាក់ ខណៈពេលដែលទេសចរណ៍ក្នុងស្រុកបានឈានដល់កម្រិតខ្ពស់នៃភ្ញៀវទេសចរចំនួន 280,000 នាក់។
នៅពេលដែលទីក្រុងហ្លួងព្រះបាងធូរស្បើយពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះ ចំនួនភ្ញៀវប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ហើយហេដ្ឋារចនាសម្ព័ន្ធក្រុងរបស់ទីក្រុង (ឧ. ការគ្រប់គ្រងសំណល់រឹង និងកន្លែងប្រព្រឹត្តិកម្មទឹកសំណល់ ផ្លូវថ្នល់ និងផ្លូវថ្មើរជើងក្នុងទីក្រុង និងទីធ្លាបៃតងសាធារណៈ) នឹងត្រូវធ្វើឱ្យប្រសើរឡើង ដើម្បីធានាថាវានៅតែបន្តអភិវឌ្ឍប្រកបដោយចីរភាព។ ទីក្រុងនេះនឹងតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការគ្រប់គ្រងបរិស្ថាន និងសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ខ្លួនតាមរបៀបដែលរក្សាបាននូវបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្លួន។
វិធីសាស្រ្ត
គម្រោងដែលបានស្នើឡើងនឹងគាំទ្រដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាប័ន្ន និងស្ថិតស្ថេរនៅក្នុងទីក្រុងហ្លួងព្រះបាង ដែលជាទីក្រុងមួយនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងជើង-ខាងត្បូងនៃមហាអនុតំបន់មេគង្គ (GMS) ដែលបានរងផលប៉ះពាល់ដោយការរិចរិលបរិស្ថាន បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការថយចុះលទ្ធភាពរស់នៅ។ ការវិនិយោគលើគម្រោងពហុវិស័យនឹង (i) លើកកម្ពស់គុណភាព និងការគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង (ii) ពង្រឹងស្ថាប័ន និងសមត្ថភាពក្នុងការជំរុញផ្លូវអភិវឌ្ឍន៍ធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ (iii) លើកកម្ពស់នគរូបនីយកម្មប្រកបដោយបរិយាប័ន្ន និងឆ្លើយតបទៅនឹងយេនឌ័រ និង (iv) លើកកម្ពស់ការពង្រឹងសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ គម្រោងនេះត្រូវរំពឹងទុកថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នករស់នៅចំនួន 104,500 នាក់ និងភ្ញៀវប្រចាំឆ្នាំចំនួន 1.3 លាននាក់នៅឆ្នាំ 2031។
ADB បានបែងចែកធនធានដូចខាងក្រោមដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់គម្រោង៖ ចំនួន 45 លានដុល្លារអាមេរិកដែលក្នុងនោះចំនួន 35 លានដុល្លារអាមេរិកត្រូវបានផ្តល់តាមរយៈប្រាក់កម្ចីចំនួន 10 លានដុល្លារអាមេរិកជា ហិរញ្ញប្បទានជំនួយឥតសំណង។ រដ្ឋាភិបាលនឹងចូលរួមវិភាគទានចំនួន 1 លានដុល្លារជាទម្រង់វិភាគទានជាសម្ភារៈ ពន្ធ និងអាករ។ គម្រោងនេះនឹងត្រូវអនុវត្តពីឆ្នាំ 2024 ដល់ឆ្នាំ 2030។ ការវិភាគសេដ្ឋកិច្ចត្រូវបានធ្វើឡើងតាមគោលការណ៍ណែនាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ វាពាក់ព័ន្ធនឹងការប្រៀបធៀបថ្លៃចំណាយ និងអត្ថប្រយោជន៍នៅក្នុងសេណារីយ៉ូជាមួយគម្រោង និងក្រៅគម្រោងក្នុងរយៈពេល 25 ឆ្នាំពីឆ្នាំ 2025 ដល់ឆ្នាំ 2049។
លទ្ធផល
គម្រោងនេះមានគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតបរិយាកាសរឹងមាំសម្រាប់សេវាកម្មទីក្រុង និងទេស-ចរណ៍ប្រកបដោយបរិយាប័ន្ន និងស្ថិតស្ថេរ។ លទ្ធផលជាក់លាក់រួមមាន៖
លទ្ធផលទី 1៖ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយការប្រែក្លាយកន្លែងចាក់សំរាមបើកចំហដែលមានស្រាប់ចំនួន 17.1 ហិកតាទៅជាកន្លែងចាក់សំរាមក្រោមការគ្រប់គ្រងដែលមានមុខងារផ្នែករ៉េអាក់ទ័រជីវសាស្រ្តពាក់កណ្តាលអេរ៉ូប៊ីក ការចាប់យកសារធាតុមេតាន និងប្រព័ន្ធគ្រប់គ្រងអណ្តាតភ្លើង និងកន្លែងប្រព្រឹត្តិកម្មលូ និងទឹកស្អុយដោយប្រើវិធី-សាស្រ្តថាមពលពន្លឺព្រះអាទិត្យអកម្ម និងប្រព្រឹត្តិកម្មទឹកស្អុយដោយរុក្ខជាតិ (reed-bed) ផ្អែកលើធម្មជាតិ។ លើសពីនេះទៀត គ្រឿងបរិក្ខារនឹងត្រូវបានបង្កើតឡើងសម្រាប់ការស្តារឡើងវិញលើវត្ថុធាតុដែលអាចកែច្នៃឡើងវិញបាន។ គម្រោងនេះក៏នឹងស្តារឡើងវិញនូវផ្លូវថ្នល់ក្នុងទីក្រុងចម្ងាយ 16 គីឡូម៉ែត្រ ដែលនឹងត្រូវកែលម្អដោយដើមឈើដែលមានម្លប់ក្នុងតំបន់ និងបានបំពាក់ដោយបំពង់បង្ហូរទឹកភ្លៀងដែលមានមុខងារចាប់យកសារធាតុបំពុលដ៏ច្រើនឆ្លាតវៃ។ លើសពីនេះទៀត ផ្លូវថ្នើរជើងចម្ងាយ 8 គីឡូម៉ែត្រនឹងត្រូវបំភ្លឺដោយអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលដោយសន្សំសំចៃ។
លទ្ធផលទី 2៖ គម្រោងនេះនឹងពង្រឹងបរិយាកាសដែលអំណោយផលសម្រាប់សេវាកម្មទីក្រុង និងទេសចរណ៍ប្រកបដោយបរិយាប័ន្ន និងស្ថិតស្ថេរ។ ទន្ទឹមនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងហ្លួងព្រះបាង ប្លង់គោលប្រើប្រាស់ដី និងគោល-ការណ៍ណែនាំអំពីការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាប័ន្ន និងឆ្លើយតបទៅនឹងយេនឌ័រនឹងត្រូវបានបង្កើតឡើង។ គោល-ការណ៍ណែនាំទាំងនេះនឹងរួមបញ្ចូលសកម្មភាពជាក់លាក់ ដើម្បីដោះស្រាយភាពខុសគ្នារវាងយេនឌ័រ និងលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ។
លទ្ធផលទី 3៖ គម្រោងនេះនឹងជំរុញភាពជាអ្នកដឹកនាំ និងការងាររបស់ស្ត្រីតាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ឧត្តមសិក្សាជាតិ ដែលតម្រង់ទៅរកមន្ត្រីជាស្ត្រីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យបរិស្ថាន ការងារសាធារណៈ និងវិស័យទេសចរណ៍។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ការបណ្តុះបណ្តាលផ្នែកអប់រំ វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ រួមទាំងកម្មវិធីប្រតិបត្តិរយៈពេលខ្លីក្នុងវិស័យដូចជា វិស្វកម្ម នគរូបនីយកម្ម ការគ្រប់គ្រងសាធារណៈ ហិរញ្ញវត្ថុ និងការគ្រប់-គ្រងបេតិកភណ្ឌ និងទេសចរណ៍ដោយផ្អែកលើអាទិភាពរបស់អ្នកសិក្សា។
ចំណុចស្វែងយល់
ការតម្រឹមឱ្យស្របទៅនឹងការផ្តល់មូលនិធិដល់យុទ្ធសាស្ត្រ និងផែនការជាតិ។
គម្រោងនេះស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសឆ្នាំ 2017-2020 និងគោលដៅយុទ្ធសាស្ត្រដែលបានកំណត់នៅក្នុងចក្ខុវិស័យឆ្នាំ 2030 របស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល 10 ឆ្នាំ (2016-2025)។ វាក៏គាំទ្រផងដែរនូវអាទិភាពប្រតិបត្តិការសំខាន់ៗនៃយុទ្ធសាស្ត្ររបស់ ADB ឆ្នាំ 2030 ក្នុងការដោះស្រាយភាពក្រីក្រដែលនៅសេសសល់ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើឱ្យទីក្រុងអាចរស់នៅបានសមរម្យ ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន និងការពន្លឿនសមភាពយេនឌ័រ។
សារៈសំខាន់នៃគោលការណ៍ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាព។
សមាសធាតុសំខាន់មួយនៃគម្រោងគឺ ការអភិវឌ្ឍប្លង់គោលប្រើប្រាស់ដីក្រុងហ្លួងព្រះបាង ដែលរួមមានរបាយការណ៍ទីក្រុង ប្លង់ប្រើប្រាស់ដី បទប្បញ្ញត្តិស្តីពីនគរូប-នីយកម្ម គោលការណ៍ណែនាំនៃការរចនា និងបរិមាណដែលត្រូវការផ្សេងទៀត យោងទៅតាមច្បាប់ស្តីពីនគរូប-នីយកម្ម។ កត្តាជំរុញលទ្ធភាពផ្លូវច្បាប់ដ៏រឹងមាំមានសារៈសំខាន់ក្នុងការណែនាំការអភិវឌ្ឍទីក្រុង។ ក្នុងករណីទីក្រុងហ្លួងព្រះបាង ប្លង់គោលប្រើប្រាស់ដីក្រុងឆ្នាំ 2012 ដែលមានស្រាប់ រួមជាមួយប្លង់គោលប្រើប្រាស់ដីអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌទីក្រុងហ្លួងព្រះបាង (PSMV) ដើរតួជាគោលការណ៍ច្បាប់ចម្បងដើម្បីធានាពីការអនុវត្តការប្រើប្រាស់ដីធ្លីឱ្យបានល្អ និងបំពេញតាមគោលដៅគោលនយោបាយជាតិ និងមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ប្លង់ឆ្នាំ 2012 នេះគឺហួសសម័យ ដោយខកខានមិនបានរាប់បញ្ចូលផ្ទៃដីទំហំ 48.5 គីឡូម៉ែត្រការ៉េនៃតំបន់សេដ្ឋកិច្ចពិសេសដែលបានកំណត់ថ្មីនៅក្នុង និងជុំវិញទីក្រុង ប្លង់នេះក៏ខ្វះការឆ្លើយតបខាងយេនឌ័រ និងមិនដោះស្រាយហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយឱ្យបានគ្រប់គ្រាន់ផងនោះដែរ។ ភាពខ្វះចន្លោះនេះត្រូវបានដោះស្រាយដោយការរចនាគម្រោងមួយនេះ។
ដោះស្រាយភាពកម្សោយរបស់ស្ថាប័ន។
គម្រោងនេះរួមបញ្ចូលសមាសធាតុដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ភាគីពាក់ព័ន្ធ។ ក្នុងការរចនានោះ គម្រោងនេះទទួលស្គាល់ពីដែនកំណត់ដែលស្ថាប័ននានានៅទីក្រុងហ្លួងព្រះបាងប្រឈមមុខ ដើម្បីសម្រេចបាននូវការអភិ-វឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ នៅក្នុងអនុសាសន៍របស់របស់គម្រោង សកម្មភាពជាក់លាក់ត្រូវបានគូសបញ្ជាក់ ដើម្បីកែលម្អបរិយាកាសអំណោយផល និងបង្កើនសមត្ថភាពសម្របខ្លួនរបស់ស្ថាប័ននានាក្នុងការអភិវឌ្ឍ គ្រប់គ្រង និងដំណើរការហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅលើមូលដ្ឋានប្រកបដោយចីរភាពក្នុងរយៈពេលវែង។
ប្រភព/ព័ត៌មានបន្ថែម
- ធនាគារអភិវឌ្ឍន៍អាស៊ី។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ គម្រោងវិនិយោគកែលម្អបរិស្ថានទីក្រុង គម្រោងអធិបតេយ្យភាព | 53203-001។ មាននៅលើគេហទំព័រ៖https://www.adb.org/projects/53203-001/main
- ធនាគារអភិវឌ្ឍន៍អាស៊ី (2023)។ ការសិក្សាលទ្ធភាពអាចធ្វើបានសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ គម្រោងវិនិយោគកែលម្អបរិស្ថានទីក្រុង (ហ្លួងព្រះបាង)។ មាននៅលើគេហទំព័រ៖ https://www.adb.org/sites/default/files/project-documents/52064/52064-001-tacr-en_46.pdf
- គម្រោង GMS ដែលទទួលហិរញ្ញប្បទានពី ADB ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទេសចរណ៍ ពង្រឹងឱកាសរបស់ស្ត្រីនៅហ្លួងព្រះបាងប្រទេសឡាវ PDR។ មាននៅលើគេហទំព័រ៖ https://greatermekong.org/g/adb-financed-gms-project-strengthen-urban-and-tourism-infrastructure-enhance-women%E2%80%99s-opportunities