ឧបករណ៍ហិរញ្ញប្បទាន និងចំនួនទឹកប្រាក់
1.3 លានអឺរ៉ូ (977.4 ពាន់ដុល្លាអាមេរិក)* តាមរយៈការប្រមូលមូលនិធិសមូហភាព
ជីវប្រវត្តិ
ដោយសារបញ្ហាប្រឈមក្នុងការទទួលបានមូលនិធិសម្រាប់គម្រោងថាមពលកកើតឡើងវិញនៅទូទាំងពិភពលោក និងការចាប់អារម្មណ៍ជាសាធារណៈខ្លាំងនៅក្នុងចំណាត់ការអាកាសធាតុ ការប្រមូលមូលនិធិសមូហភាពបានលេចចេញជាបណ្តាញជំនួសសម្រាប់ឱ្យសហគមន៍ផ្តល់មូលនិធិដល់គម្រោងថាមពលកកើតឡើងវិញ។ ថ្នាលមួយចំនួនដែលផ្តោតលើការប្រមូលមូលនិធិសមូហភាពសម្រាប់ចំណាត់ការអាកាសធាតុបានទទួលភាពល្បីល្បាញ។
ឧទាហរណ៍រួមមានថ្នាលឆ្លងព្រំដែនដូចជា Citizenergy ដែលជាថ្នាលសហការផ្តល់មូលនិធិដោយកម្មវិធីថាមពលឆ្លាតវៃអឺរ៉ុបរបស់សហភាពអឺរ៉ុប (EU) ដែលប្រមូលផ្ដុំឱកាសវិនិយោគបែបមូលនិធិសមូហភាពដែលផ្តោតលើថាមពល និងវិនិយោគិនជុំវិញពិភពលោកនៅកន្លែងតែមួយ រួមទាំងថ្នាលដែលផ្តោតលើប្រទេស ដូចជា Abundance Generation – ថ្នាលដែលអនុញ្ញាតឱ្យវិនិយោគិននៅអឺរ៉ុប វិនិយោគមូលនិធិរបស់ពួកគេនៅក្នុងគម្រោងថាមពលជំនួសជាច្រើននៅក្នុងចក្រភពអង់គ្លេស (UK) ក៏ដូចជាថ្នាលក្នុងស្រុកដូចជា WindCentrale ជាថ្នាលដែលបានបង្កើតឡើងក្នុងឆ្នាំ 2010 នៅប្រទេសហូឡង់ ក្នុងគោលបំណងពន្លឿនដំណើរផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញនៅក្នុងប្រទេសហូឡង់។
វិធីសាស្រ្ត
WindCentrale អនុញ្ញាតឱ្យសាធារណជនក្លាយជាសហម្ចាស់ទួរប៊ីនខ្យល់ និងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ថាមពលខ្យល់។ គេបែងចែកទួរប៊ីនខ្យល់ទៅជាចំណែកខ្យល់ ដែលទួរប៊ីននីមួយៗរំពឹងទុកថានឹងអាចមានកម្លាំងផលិត 500 kWh។ តាមរយៈថ្នាលនេះ បុគ្គលឯកជនអាចក្លាយជាម្ចាស់ចំណែកខ្យល់ទាំងនេះ ឬ “ផ្នែកនៃខ្យល់” ដែលហៅថា WindCentrale។ ជារៀងរាល់ឆ្នាំ វិនិយោគិនម្នាក់ៗនឹងទទួលបាន 500 kWh សម្រាប់ចំណែកខ្យល់នីមួយៗ។ ថាមពលដែលផលិតតាមរយៈចំណែកខ្យល់ត្រូវបានកាត់ចេញពីវិក្កយបត្រអគ្គិសនីប្រចាំឆ្នាំ។
លទ្ធផល
ក្នុងអំឡុងពេលបើកដំណើរការថ្នាលនោះក្នុងឆ្នាំ 2013 WindCentrale បានរៃអង្គាសប្រាក់បាន 1.3 លានអឺរ៉ូ (977.4 ពាន់ដុល្លារអាមេរិក)* ក្នុងរយៈពេលត្រឹមតែ 13 ម៉ោងប៉ុណ្ណោះ ដោយលក់ចំណែកចំនួន 6,648 នៅក្នុងទួរប៊ីនខ្យល់មួយទៅឱ្យ 1700 គ្រួសារនៅប្រទេសហូឡង់។ គិតត្រឹមឆ្នាំ 2018 គេបានបង្កើនដោយជោគជ័យនូវទឹកប្រាក់ចំនួន 15 លានអឺរ៉ូ (12.7 លានដុល្លារអាមេរិក)** តាមរយៈចំណែកខ្យល់ចំនួន 60,000 សម្រាប់ទួរប៊ីនខ្យល់ចំនួនប្រាំបួនដែលបានបង្កើតនូវសមត្ថភាពផលិតសរុបស្ទើរតែ 27,656,000 kWh ដល់ 15,000 គ្រួសារ។ គិតត្រឹមឆ្នាំ 2023 WindCentrale មានទួរប៊ីនខ្យល់ចំនួនដប់កំពុងដំណើរការសម្រាប់វិនិយោគិនបច្ចុប្បន្ន និងអ្នកដែលអាចនឹងក្លាយជាវិនិយោគិន។
ចំណុចស្វែងយល់សំខាន់ៗ
គោលការណ៍ច្បាប់ និងបទប្បញ្ញត្តិហិរញ្ញវត្ថុដ៏រឹងមាំ គឺមានសារៈសំខាន់ក្នុងការទទួលបាននូវការជឿទុកចិត្តលើគម្រោងប្រមូលមូលនិធិសមូហភាពទាំងនេះ។
គិតត្រឹមឆ្នាំ 2023 ការប្រើប្រាស់មូលនិធិសមូហភាពសម្រាប់គម្រោងថាមពលកកើតឡើងវិញមាននិន្នាការប្រមូលផ្តុំនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបដែលមានកម្រិតជឿទុកចិត្តខ្ពស់លើគោលការណ៍ច្បាប់ និងតម្លាភាព និងគណនេយ្យភាពនៃរបៀបដែលមូលនិធិដែលប្រមូលបាននឹងត្រូវបានគ្រប់គ្រង។ Abundance Generation គឺជាថ្នាលប្រមូលមូលនិធិសមូហភាពដំបូងគេដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុចក្រភពអង់គ្លេស (FCA)។
ចីរភាពរយៈពេលវែងនៃគម្រោងគឺមានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិន។
កត្តាសំខាន់មួយនៃភាពជោគជ័យរបស់ WindCentrale គឺថាគេផ្តល់ឱ្យវិនិយោគិននូវអត្ថប្រយោជន៍ក្នុងការទទួលបានតម្លៃថាមពលទាប ដោយសារថាមពលដែលផលិតតាមរយៈទួរប៊ីនខ្យល់ត្រូវបានទូទាត់ធៀបនឹងវិក្កយបត្រអគ្គិសនី ដោយការសន្សំជាក់ស្តែងមានភាពខុសគ្នាដោយផ្អែកលើការប្រែប្រួលនៃតម្លៃចំណែកខ្យល់ និងតម្លៃថាមពល។ ចីរភាពរយៈពេលវែង និងលំហូរសាច់ប្រាក់មានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិនលើមូលនិធិសមូហភាពដែលមានជម្រើសវិនិយោគច្រើន ហើយរឿងនេះ ត្រូវតែមានការបង្កើតឡើងយ៉ាងច្បាស់នៅក្នុងសំណើអាជីវកម្ម។
ប្រភព/ព័ត៌មានបន្ថែម
- Citizenergy (n.d.)។ រឿងរ៉ាវរបស់យើង។ មានលើគេហទំព័រ៖ https://citizenergy.eu/story
- WindCentrale (n.d.)។ របៀបដែលវាដំណើរការ។ មានលើគេហទំព័រ៖ https://www.windcentrale.nl/
- Nigam, Mbarek and Benetti (ឆ្នាំ 2018)។ ការប្រមូលមូលនិធិសមូហភាព ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការច្នៃប្រឌិតអេកូ៖ ករណីសិក្សាពីថ្នាលថាមពលកកើតឡើងវិញឈានមុខគេ។ មានលើគេហទំព័រ៖ https://www.cairn.info/revue-journal-of-innovation-economics-2018-2-page-195.htm&wt.src=pdf
- Crowdfund Insider (ឆ្នាំ 2013)។ Windcentrale រៃអង្គាសប្រាក់បាន 1.3 លានអឺរ៉ូ គ្រួសារហូឡង់ 1700 ទទួលបានទួរប៊ីនខ្យល់។ មានលើគេហទំព័រ៖ https://www.crowdfundinsider.com/2013/09/23211-windcentrale-raises-e1-3-million-1700-dutch-households-get-wind-turbine/
- *ចំណាំថាតម្លៃលុយដុល្លារអាមេរិកត្រូវបានគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមក្នុងឆ្នាំ 2013។ ទាញយកទម្រង់បែបបទនេះតាមរយៈគេហទំព័រ៖ https://www.macrotrends.net/2548/euro-dollar-exchange-rate-historical-chart
- ** ចំណាំថាតម្លៃលុយដុល្លារអាមេរិកត្រូវបានគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមក្នុងឆ្នាំ 2018។ ទាញយកទម្រង់បែបបទនេះតាមរយៈគេហទំព័រ៖ https://www.macrotrends.net/2548/euro-dollar-exchange-rate-historical-chart