ប្រាក់បម្រុងសម្រាប់ការខាតបង់លើកម្ចី

ប្រាក់បម្រុងសម្រាប់ការខាតបង់លើកម្ចី (LLR) ដើរតួជាឧបករណ៍លើកកម្ពស់ឥណទានប្រកបដោយប្រសិទ្ធភាព ដោយយុទ្ធសាស្រ្តពង្រឹងទម្រង់ហានិភ័យឥណទានរបស់ឥណទាយក ឬវិនិយោគិន ដើម្បីធានាបាននូវលក្ខខណ្ឌសងបំណុលកាន់តែប្រសើរឡើង។

ការពណ៌នា

ប្រាក់បម្រុងសម្រាប់ការខាតបង់លើកម្ចី (LLR) គឺជាមូលនិធិដែលបានកំណត់ជាវិធានការការពារផ្នែកហិរញ្ញវត្ថុដើម្បីកាត់បន្ថយការខាតបង់ប្រាក់កម្ចីដែលអាចកើតមាននាពេលអនាគត ដែលបណ្តាលមកពីការខកខានសងប្រាក់របស់អ្នកខ្ចី។ មូលនិធិបែបនេះផ្តល់នូវការធានារ៉ាប់រងហានិភ័យផ្នែកខ្លះទៅដល់អ្នកផ្ដល់កម្ចី ដោយសារទុនបម្រុងនេះនឹងគិតបញ្ចូលលើចំនួនដែលបានកំណត់ទុកមុននៃការខាតបង់ប្រាក់កម្ចី។ គេអាចយកមកប្រើជាឧបករណ៍បង្កើនឥណទានដ៏មានប្រសិទ្ធភាពមួយដែលជួយជំរុញទម្រង់ហានិភ័យឥណទានរបស់អ្នកផ្ដល់កម្ចី ឬវិនិយោគិនដោយមានយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីទទួលបានលក្ខខណ្ឌសងបំណុលឱ្យកាន់តែប្រសើរឡើង។ តាមរយៈការដើរតួជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ LLR អាចជួយបង្កើនទម្រង់ហានិភ័យឥណទាន និងត្រួសត្រាយផ្លូវសម្រាប់ឱកាសហិរញ្ញប្បទានរួមបញ្ចូលគ្នាដ៏កាន់តែទូលំទូលាយបន្ថែមទៀតដែលអាចជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពច្នៃប្រឌិត។

នៅក្នុងកម្មវិធី LLR ភ្នាក់ងាររដ្ឋាភិបាលអាចចាប់ដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីកែប្រែលក្ខខណ្ឌធានារបស់ខ្លួន និងទទួលយកហានិភ័យច្រើនជាងអ្វីដែលខ្លួនគិត ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមានភាពងាយស្រួលជាងមុនក្នុងការផ្តល់ប្រាក់កម្ចីដល់វិស័យថ្មីៗ ឬក្នុងអត្រាការប្រាក់ទាប និងរយៈពេលទូទាត់សងបានយូរជាងមុន។ LLR បង្ហាញឱ្យឃើញថា វាមានអត្ថប្រយោជន៍កាន់តែខ្លាំងនៅក្នុងទិដ្ឋភាពណាដែលមានគ្រឹះស្ថានហិរញ្ញវត្ថុអាចផ្តល់ប្រាក់កម្ចីតូចៗជាច្រើនសម្រាប់គម្រោង ដូចជាការកែលម្អ ដើម្បីធ្វើឱ្យការសន្សំសំចៃថាមពលកាន់តែប្រសើរ។ តាមរយៈការកាត់ចំនួនទឹកប្រាក់មួយចំនួនតូចមួយនៃមូលនិធិរដ្ឋទុកដោយឡែកជាទុនបម្រុងដើម្បីការពារពីហានិភ័យ វិស័យឯកជន និងសាធារណៈអាចសហការគ្នាដើម្បីបង្កើតផលប័ត្រប្រាក់កម្ចីដែលផ្តល់ហិរញ្ញប្បទានខ្នាតតូច។

តាមរយៈ LLR រដ្ឋាភិបាលរដ្ឋ ឬក្រុងនៅតាមតំបន់អាចពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ដំណោះស្រាយទីក្រុងឆ្លាតវៃថ្មីៗ ដូចជាការបង្កើនប្រសិទ្ធភាពការសន្សំសំចៃថាមពល ឬគម្រោងថាមពលកកើតឡើងវិញខ្នាតតូច។ ជាឧទាហរណ៍ជាក់ស្ដែង LLR អាចគាំទ្រកម្មវិធីកម្ចីថាមពលស្អាតដែលគ្រប់គ្រងរួមគ្នាដោយរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូផ្សេងៗ។ លក្ខណៈពិសេសនៃការបង្កើនឥណទានរបស់ LLRs អាចនាំឱ្យមានលក្ខខណ្ឌកម្ចីអំណោយផលបន្ថែមទៀត ដូចជាការបន្ថយអត្រាការប្រាក់ ឬរយៈពេលសងប្រាក់យូរជាងមុន។ ជាងនេះទៅទៀត LLRs ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុដៃគូអាចកែតម្រូវលក្ខខណ្ឌធានារបស់ពួកគេដើម្បីឱ្យស្របទៅនឹងកម្រិតហានិភ័យខ្ពស់ ដែលអាចមានអត្ថប្រយោជន៍កាន់តែខ្លាំងជាពិសេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃណាដែលអ្នកផ្តល់ប្រាក់កម្ចីមិនមានបំណងផ្តល់ប្រាក់កម្ចី ដោយសារតែបទពិសោធនៅមានកម្រិតនៅក្នុងការធ្វើគម្រោងបែបនោះ ឬការយល់ដឹងអំពីបច្ចេកវិទ្យាដែលពាក់ព័ន្ធនៅមានកម្រិត។

លក្ខខណ្ឌអំណោយផល និងកត្តាពិចារណាសំខាន់ៗ

  • ដំណើរការលទ្ធកម្មដែលមានការប្រកួតប្រជែង។ កម្មវិធី LLR គួរតែពាក់ព័ន្ធជាមួយនឹងដំណើរ​ការលទ្ធកម្ម​ដែល​មាន​ការប្រកួតប្រជែងដើម្បីកំណត់រកដៃគូគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលស័ក្ដិសម ដើម្បីគាំទ្រ។ ដំណើរការនេះរួមបញ្ចូល​ទាំងការបង្កើតសំណើដ៏ពេញលេញមួយសម្រាប់បាននូវសំណើពីគ្រឹះស្ថានហិរញ្ញវត្ថុដែលគួរតែរួមបញ្ចូលព័ត៌មានអំពីលក្ខខណ្ឌកម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ រចនាសម្ព័ន្ធ LRR និងវិធីចែករំលែកហានិភ័យដែលគេពេញចិត្តជាងគេ រួមទាំង​គោលការណ៍ណែនាំស្តីពីការធានាប្រាក់កម្ចី សមត្ថភាពទីផ្សារប្រាក់កម្ចី សមត្ថភាពគ្រប់គ្រងប្រាក់កម្ចី បុគ្គលិក និងលក្ខណសម្បត្តិ។ 
  • ការរៀបចំរចនាសម្ព័ន្ធ LLR។ LLR ប្រើប្រាស់ “វិធីសាស្រ្តផលប័ត្រ” ដើម្បីឱ្យរដ្ឋាភិបាលបង្កើត LLR អាច​ធ្វើដូច្នេះ​បានដោយផ្អែកលើផលប័ត្រប្រាក់កម្ចីទាំងមូលដែលពួកគេគាំទ្រ។ ជាឧទាហរណ៍ ទុនបម្រុងសម្រាប់ការខាតបង់ 5% លើផលប័ត្រប្រាក់កម្ចី 60 លានដុល្លារអាមេរិក មានន័យថាទំហំនៃទុនបម្រុងសម្រាប់ការខាតបង់គឺ 3 លាន​ដុល្លារ។ ក្នុងអំឡុងពេលរៀបចំរចនាសម្ព័ន្ធ រដ្ឋាភិបាលអាចកំណត់ទំហំទុនបម្រុងឱ្យខ្ពស់​ជាងការខាតបង់លើ​ប្រាក់​កម្ចីដែលបានប៉ាន់ប្រមាណរបស់ផលប័ត្រ។ ជាឧទាហរណ៍ ប្រសិនបើការខាតបង់ប៉ាន់ស្មានមានចំនួន 1.5% នៃ​ផលប័ត្រនោះ LLR អាចត្រូវបានកំណត់ត្រឹម 5-10% អាស្រ័យលើការចរចារវាងរដ្ឋាភិបាល និងដៃគូគ្រឹះស្ថាន​ហិរញ្ញវត្ថុ។ វិធីចែករំលែកហានិភ័យចុងក្រោយត្រូវតែមានការព្រមព្រៀងគ្នារវាងរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​នឹងអនុវត្តការផ្តល់ប្រាក់កម្ចី ដោយសារ LLR មិនអាចដកហានិភ័យចេញពីគ្រឹះស្ថានហិរញ្ញវត្ថុទេ ប៉ុន្តែអាច​កាត់បន្ថយវាវិញ។ ជាឧទាហរណ៍ ទីផ្សារគោលដៅអាចជាផលប័ត្រដែលរួមមាន ប្រតិបត្តិការតូចៗជាច្រើន រហូត​ដល់​រាប់រយ ឬរាប់ពាន់នៃប្រាក់កម្ចីទៅដល់អ្នកផ្ដល់កម្ចីបុគ្គល។ ការខាតបង់ដំបូងៗអាចត្រូវបានរ៉ាប់រងដោយ LLR ត្រឹមកម្រិតកំណត់ដែលអាចធ្វើបានរបស់ LLR និងយោងទៅតាមវិធីចែករំលែកហានិភ័យដែលបានព្រមព្រៀងគ្នា។

បញ្ហាប្រឈមដែលអាចកើតមាន  

  • ហានិភ័យនៃគ្រោះថ្នាក់ខាងសីលធម៌។ កម្មវិធី LLR ដែលបានរចនាឡើងមិនល្អជាមួយ​នឹងការត្រួតពិនិត្យ​មិន​គ្រប់​គ្រាន់អាចបង្កើនហានិភ័យឥរិយាបថគ្រោះថ្នាក់ខាងសីលធម៌នៅក្នុងផ្នែកនានានៃគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ និងការ​កើន​ឡើង​នៃប្រាក់កម្ចីដែលមិនដំណើរការ ប្រសិនបើប្រាក់កម្ចីត្រូវបានបញ្ចេញដោយមិនមានវិធានការការពារ និង​ការត្រួតពិនិត្យដែលចាំបាច់។ ការបង្កើតគោលការណ៍ណែនាំធានាច្បាស់លាស់ រួមទាំងកាតព្វកិច្ច​ដែលមាន​ការ​ចុះកិច្ចសន្យា និងការអនុវត្តយន្តការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់​ក្នុងការរារាំង​ភាគីនានា​ពី​ការចូលរួមក្នុងឥរិយាបថទទួលយកហានិភ័យហួសហេតុ ។
  • បញ្ហាប្រឈមក្នុងការរៀបចំឱ្យផលប្រយោជន៍ក្នុងចំណោមភាគីពាក់ព័ន្ធស៊ីសង្វាក់គ្នា ការរៀបចំរចនាសម្ព័ន្ធ LLR អាចបង្កឱ្យមានបញ្ហាប្រឈមនៅពេលរៀបចំឱ្យផលប្រយោជន៍របស់ភាគីពាក់ព័ន្ធផ្សេងស៊ីសង្វាក់គ្នា។ ឧទាហរណ៍ ការកំណត់ និងការចរចាលើវិធីចែករំលែកហានិភ័យ និងលក្ខខណ្ឌចែករំលែកហានិភ័យរវាងរដ្ឋាភិបាលរដ្ឋ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុអាចជាដំណើរការដ៏ស្មុគស្មាញ ហើយទាមទារ​ឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្ន​ដើម្បី​រក្សា​តុល្យភាពរវាងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ខណៈពេលដែលពង្រីកលទ្ធភាពទទួលបានដើមទុន។
  • កង្វះវិស័យសាធារណៈដែលមានបទពិសោធក្នុងការរចនា LLR។ រដ្ឋាភិបាលក្នុងតំបន់អាច​មានបទពិសោធមាន​កម្រិ​តនៅឡើយជាមួយ យន្តការហិរញ្ញវត្ថុបែបនេះ ដែលអាចនាំឱ្យមានបញ្ហាប្រឈមដូចជាការប៉ាន់ប្រមាណ ចំនួន​ទុនបម្រុងចាំបាច់លើស ហើយធ្វើឱ្យមូលនិធិដែលមិនចាំបាច់កើនឡើង ឬការប៉ាន់ស្មានតម្លៃនោះទាប​ដែលធ្វើ​ឱ្យ​មាន​ការប្រថុយនឹងការធានារ៉ាប់រងមិនគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីដែលខកខានសង។ រដ្ឋាភិបាល​មូលដ្ឋាន​ក៏អាច​ជួប​ប្រទះឧបសគ្គក្នុងការបង្កើតគោលការណ៍កិច្ចសហការដែលចាំបាច់សម្រាប់កម្មវិធី LLR រួមទាំងការដាក់​ឱ្យ​គោលបំណង​ជាមួយដៃគូវិស័យឯកជនស៊ីសង្វាក់គ្នា ការគ្រប់គ្រងអនុលោមភាពតាមបទប្បញ្ញត្តិ និងការ​ធានា​រចនា​សម្ព័ន្ធអភិបាលកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ បញ្ហាប្រឈមទាំងនេះ​បង្កើតឱ្យមានវិធីសាស្រ្ត​ប្រុង-ប្រយ័ត្ន​មួយក្នុងការកសាងសមត្ថភាព ការចូលរួមពីភាគីពាក់ព័ន្ធ និងប្រហែលជាមាន​ការប្រើ​ទម្លាប់​អនុវត្តល្អ​បំផុត​ពី​អង្គភាព ឬវិស័យដែលមានបទពិសោធច្រើន ដើម្បីធានាបាននូវការអនុវត្ត និងការគ្រប់គ្រង កម្មវិធី LLR ប្រក​ប​ដោយ​ជោគជ័យផងដែរ។

អត្ថប្រយោជន៍ដែលអាចកើតមាន

  • គាំទ្រវិស័យថ្មី ឬប្រភេទផលិតផលហិរញ្ញវត្ថុថ្មីៗ។ ក្នុងឈ្មោះជាយន្តការលើកកម្ពស់ឥណទាន LLR អាចជួយលើក​ទឹកចិត្តគ្រឹះស្ថានហិរញ្ញវត្ថុឱ្យផ្តល់លក្ខខណ្ឌអំណោយផលបន្ថែមទៀតលើប្រាក់កម្ចី ដូចជាអត្រាការប្រាក់ទាប និង​រយៈ​ពេលកម្ចីយូរជាងមុន។ ចំណុចនេះអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពង្រីកសេវា​ផ្តល់ឥណទានរបស់ខ្លួន​ទៅកាន់​វិស័យថ្មីៗដែលពីមុនមកមិនបំពេញតតាមលក្ខខណ្ឌហានិភ័យរបស់ពួកគេ ឬដើម្បីសាកល្បងប្រភេទផលិតផល​ហិរញ្ញវត្ថុថ្មីៗ។
  • ជួយសម្រួលលទ្ធភាពទទួលបានដើមទុនសម្រាប់គម្រោងតូចៗ។ វិធីសាស្រ្តផលប័ត្រនៅក្នុងរចនាសម្ព័ន្ធ LLR ជាធម្មតា​មានប្រាក់កម្ចីតូចៗរាប់ពាន់។ វិធីនេះធានានូវការធ្វើពិពិធកម្មនៅក្នុងផលប័ត្រ និងជួយផ្តល់លទ្ធភាព​ទទួល​បានដើមទុនសម្រាប់គម្រោងកម្ចីតូចៗ ដែលអាចត្រូវបានមើលរំលងដោយរចនាសម្ព័ន្ធហិរញ្ញប្បទានបែប​ប្រពៃណី​ជាង​នេះ ដូច្នេះក៏មានការជំរុញឱ្យមានសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលគ្នាកាន់តែទូលំទូលាយ និងមានឥទ្ធិពលផងដែរ។

ប្រភព/ព័ត៌មានបន្ថែម

Case Study

Scroll to Top